ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីលួចកង់ប្រជាពលរដ្ឋ

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ ធ្វើសកម្មភាពលួចកង់របស់ប្រជាពលរដ្ឋបានសម្រេចហើយព្យាយាមគេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខតូបលក់ខោអាវ ផ្លូវលេខ១១០ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបាន ទី១មានឈ្មោះ សាន់ អ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ ហោ ប៊ុនធឿន ហៅរុយ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់ម៉ូតូឌុប។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ១គ្រឿងម៉ាកសេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AK-7985 រួមនិងកង់ដៃការ៉េ ពណ៌ខ្មៅ ១គ្រឿងដែលជាកង់របស់ជនរងគ្រោះឈ្មោះ ហាក់ ហាវ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ខោអាវ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកកង់១គ្រឿង ដែលមានភិនភាគដូចខាងលើនៅខាងមុខតូបលក់ខោអាវរបស់ខ្លួន ដោយពុំបានចាក់សោនោះទេ រួចក៏ដើរចូលទៅក្នុងតូបលក់ខោអាវដូចសព្វដង ពេលនោះ ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពលួចលើកកង់របស់គាត់ដាក់លើម៉ូតូរួចជិះគេចខ្លួនតាមផ្លូវ១១០ បត់ទៅតាមផ្លូវ២១ ឆ្ពោះទៅទិស
ខាងត្បូង។ ភ្លាមនោះដែរត្រូវបានជនរងគ្រោះព្រមទាំងអ្នកជិតខាង ជួយដេញតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានរួមនិងវត្ថុតាង នៅចំណុចមុខហាង ខារ៉ាអូខេឌីយ៉ាម៉ង់ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅដើម្បីយកមកសាកសួរតែម្តង។

នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យទី១បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចកង់របស់ជនរងគ្រោះពិតប្រាកដមែន មិនតែប៉ុណ្ណោះពួកគេធ្លាប់ជាប់ពន្ធនាគារក្នុងម្នាក់ៗ២ទៅ៣ដងរួចមកហើយ ពីបទលួ។ ចំណែកជនសង្ស័យទី២បានឆ្លើយសារភាពថា ខ្លួនគ្រាន់តែជាអ្នកឌុបជនល្មើសទី១ប៉ុណ្ណោះ ពុំបានធ្វើសកម្មភាពលួចនោះឡើយ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

លួចកង់ប្រជាពលរដ្ឋ លួចកង់ប្រជាពលរដ្ឋ លួចកង់ប្រជាពលរដ្ឋ

មតិយោបល់