ភ្នំពេញៈ លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា នៅកម្ពុជា បច្ចុប្បន្នអ្នកកាសែត គឺជាឆ្អឹងទទឹងកសម្រាប់ក្រុមអ្នកនាំពាក្យនៅតាមស្ថាប័ន ក្រសួង មន្ទីរមួយចំនួនរបស់រដ្ឋាភិបាល ដែលពួកគេមិនព្រមសហការផ្ដល់ព័ត៌មានពិត។
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦ នៅសណ្ឋាគារកាបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី៣ ខែឧសភានេះ លោក ឆាយ សុផល លើកឡើងថា ទិវាសេរីភាពសារព័ត៌មានពិភពលោកធ្វើឡើង ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋអំពីតួនាទីរបស់សារព័ត៌មាន ហើយក៏ចង់រំឭកដល់មេដឹកនាំ រដ្ឋាភិបាលនានាលើពិភពលោកឲ្យបានយល់ច្បាស់ពី សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ព្រមទាំងរួមចំណែកក្នុងការលើកស្ទួយ និងការពារអ្នកសារព័ត៌មាន។
សម្រាប់នៅកម្ពុជា អ្នកសារព័ត៌មាន ត្រូវបានលោក ឆាយ សុផល លើកឡើងថា សព្វថ្ងៃជាឆ្អឹងទទឹងក សម្រាប់អ្នកនាំពាក្យនៅតាមស្ថាប័ន ក្រសួង មន្ទីរមួយចំនួន ដែលមិនព្រមទម្លាយ ឬផ្តល់ព័ត៌មានជូនទៅតាមអ្វីដែលខ្លួនត្រូវការ ដើម្បីបង្ហាញដល់សាធារណៈបានយល់អំពីរឿងរាវ ដែលមាននៅក្នុងសង្គមឲ្យបានស៊ីជម្រៅ។
ដូច្នេះ ការផ្តល់វេទិកាមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏ត្រូវពិភាក្សាអំពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មានសាធារណៈ ថាតើបទបញ្ញត្តិណាខ្លះក្នុងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលនឹងប្រកាសឲ្យប្រើនាពេលខាងមុខ អាចជួយអ្នកសារព័ត៌មានបំពេញការងាររបស់ខ្លួនប្រកបដោយឯករាជ្យភាពដែរឬអត់។
លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា បច្ចុប្បន្នវិស័យព័ត៌មាននៅកម្ពុជា មានសិទ្ធិបញ្ចេញមតិបានទូលំទូលាយជាងគេ បើធៀបទៅបណ្តាប្រទេសនៅលើពិភពលោក។ ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦ ដែលយើងនាំគ្នាអបអរនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់។
លោកបន្តថា ច្បាប់សារព័ត៌មាននៅប្រទេសកម្ពុជា មានលក្ខណៈ៣សំខាន់ ទី១-ហាមមិនឲ្យមានការត្រួតពិនិត្យជាមុន ទី២-ទាំងបរទេសទាំងកម្ពុជា អាចបង្កើតសារព័ត៌មាន ឬកាសែតបាន និងទី៣-គឺការបញ្ចេញមតិ មិនអាចដាក់គុកគេបានទេ។ លោករដ្ឋមន្ត្រី ក៏បានសុំណូមពរដល់សមាគមអ្នកកាសែតជិត៣០នៅកម្ពុជា សូមឲ្យមានមេធាវីការពារប្រចាំស្ថាប័ន ឬអង្គភាពរបស់ខ្លួន មុនពេលចេញអត្ថបទ ដើម្បីការពារ ខ្លាចក្រែងមានរឿងកើតឡើងទាក់ទងទៅនឹងបញ្ហាប៉ះពាល់។
លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា ក៏បានឲ្យដឹងដែរថា នៅជុំវិញពិភពលោក ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកកាសែតជាង៦០០នាក់ ត្រូវបានគេសម្លាប់។ ដោយឡែក នៅកម្ពុជា អ្នកកាសែតស្រឡាញ់យុត្តិធម៌ ដែលរាយការណ៍អំពីបាតុកម្ម និងកូដកម្ម ឬការបំផ្លិចបំផ្លាញពីសំណាក់ជនទុច្ចរិតមកលើសង្គម រមែងទទួលការគំរាមកំហែង ធ្វើទុក្ខទារុណកម្មពីសំណាក់ជនលាក់មុខ ឬចំហរ។
លោកស្រីបន្តថា កម្ពុជា ត្រូវតែពិនិត្យច្បាប់សារព័ត៌មាន និងច្បាប់ព្រហ្មទណ្ឌឲ្យបានម៉ត់ចត់ ដើម្បីធ្វើយ៉ាងណាឲ្យសេរីភាពសារព័ត៌មាន ត្រូវបានគេលើកកម្ពស់ ដើម្បីបញ្ជៀសការធ្វើទុក្ខបុកម្និញ ត្រូវបង្កើតច្បាប់នីតិរដ្ឋ ត្រូវផ្តល់ឱកាសបណ្តុះបណ្តាលបង្កើតធនធានមនុស្សឲ្យមានក្រមសិលធម៌ល្អ និងវិជ្ជាជីវៈសារព័ត៌ពិតប្រាកដ ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកកាសែត ទទួលបានព័ត៌មានជាសាធារណៈ បម្រើសង្គមឲ្យទទួលបានសិទ្ធិសេរីភាព។
បើតាមរបាយការណ៍ក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា រយៈពេល១ឆ្នាំនេះ គឺមានបណ្តឹង៤ករណី ប្ដឹងទាក់ទិនទៅនឹងរឿងបរិហាកេរិ៍ ប៉ុន្តែមិនទាន់ត្រូវបានជាប់ឃុំឃាំងទេ។ ដោយឡែកករណីចាប់ខ្លួន និងឃាត់ខ្លួន មានអ្នកកាសែត៩នាក់ ដែលភាគច្រើនទាក់ទិនទៅនិងជំរិតទារប្រាក់ពីគេ និងការគំរាមកំហែងផ្លូវកាយ និងយកឧបករណ៍សម្ភារៈមាន២០ករណី ប៉ុន្តែមិនបង្ករបួសស្នាម និងមានអ្នកស្លាប់ទេ។
សូមជម្រាបថា ទិវាសេរីភាពសារព័ត៌មានពិភពលោក ត្រូវបានប្រកាសជាផ្លូវការនៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៩៣ ដោយអង្គការយូនីស្កូ សម្រាប់គាំទ្រសេរីភាពសារព័ត៌មាន ដើម្បីវាយតម្លៃស្ថានភាពនៃសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក៕
មតិយោបល់