ត្បូងឃ្មុំៈ បុរសចំណាស់ម្នាក់ ឈ្មោះ សាន់ ថាប់ អាយុ៥៥ឆ្នាំ រស់នៅភូមិមាសស្នេហ៍ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានក្លាយជាឃាតករ បន្ទាប់ពីបានយកចបជីកវាយសំពងយ៉ាងចាស់ដៃទៅលើបុរសម្នាក់ ជាអ្នកភូមិជាមួយគ្នា ចំនួន៣ចបជីក បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាម។
ហេតុការណ៍វាយប្រហារដោយចបជីកសម្លាប់អ្នកភូមិជាមួយគ្នានេះ បានកើតឡើងនៅម្តុំផ្លូវរទេះ ស្ថិតក្នុងភូមិឃុំខាងលើ កាលពីវេលាម៉ោង៧៖១០នាទី យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។
ប្រភពីសមត្ថកិច្ចនគរបាលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២ ខែឧសភា មនុស្ស៣នាក់ នាំគ្នាផឹកស៊ីនៅផ្ទះរបស់បុរសឈ្មោះ ខឿន ក្នុងនោះក៏មានវត្តមានបុរសរងគ្រោះឈ្មោះ អម អ៊ន់ អាយុ៤៦ឆ្នាំ បានផឹកស្រាថ្នាំជាមួយគេដែរ។
លុះរហូតដល់វេលាម៉ោងជាង៣រសៀល ពួកគេក៏ឈប់ផឹកបែកត្រឡប់ទៅផ្ទះរៀងៗខ្លួន។
សមត្ថកិច្ចបន្តថា លុះពេលត្រឡប់មកដល់ផ្ទះ បុរសរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធ ហើយបាននិយាយដៀមដាមលើជនសង្ស័យ ដែលមានផ្ទះក្បែរគ្នានូវពាក្យអសុរោះជាច្រើន។
បន្ទាប់មកទៀត ក៏ឈ្លោះប្រកែកគ្នារហូតតឹងសរសៃរក ទើបជនសង្ស័យហៅបុរសរងគ្រោះឲ្យចុះមកដីក៏កើតជាហឹងសារវាយតប់គ្នារហូតវាយជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោលពីភូមិ ចំណែកសពជនរងគ្រោះ បន្ទាប់ពីមន្ត្រីនគរបាលជំនាញពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់