ការនាំចេញសាច់គោរបស់ប្រទេសអូស្ដ្រាលីបានកើនឡើងដល់កំណត់ត្រាខ្ពស់ ដោយសារតែមានតម្រូវការច្រើនមកពីប្រទេសចិន និងមជ្ឈឹមបូព៌ា ជំរុញឲ្យការលក់ប្រចាំខែឧសភា កើនឡើងដល់ជាង ១០ម៉ឺនតោន ដែលនេះជាលើកដំបូងមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់លោក Joe Ludwig រដ្ឋមន្ត្រីក្រសួងកសិកម្ម ជលផល និងព្រៃឈើ កាលពីថ្ងៃពុធ ម្សិលមិញ។
យោងតាមតួលេខដែលក្រសួងបានផ្ដល់ឲ្យ មានការនាំចេញសាច់គោជាង ១០៣.២០០តោន ក្នុងមួយខែៗ។ តួលេខនៃបានឈប់នូវកំណត់ត្រាចាស់ ដែលមានពីមុនត្រឹមតែ ៩៤.៦៩៣តោនប៉ុណ្ណោះក្នុងមួយខែ កាលពីឆ្នាំ ២០០៦ ហើយបើធៀបនឹងខែឧសភា ឆ្នាំមុនវិញកើនឡើង ១៩ភាគរយ។
នៅក្នុងរបាយការណ៍បានឲ្យដឹងថា នៅក្នុងខែឧសភា កន្លងទៅ មានការបញ្ជាទិញពីប្រទេសចិនខ្ពស់ ដែលមានរហូតដល់ទៅជិត ១១.៥០០តោន បើធៀបនឹងឆ្នាំចាស់ កើនឡើង ១៥ដង ហើយបើតាមការព្យាករទុក ចិនទំនងជាត្រូវការសាច់គោអូស្ត្រាលី ចំនួន ១០០.០០០តោននៅចុងឆ្នាំនេះ។
លោក Craig Emerson រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយថា តម្រូវការនៃការនាំចេញអាហារពីប្រទេសអូស្ដ្រលី នឹងមានការកើនឡើងខ្ពស់ ដែលនេះជាតួលេខមួយមិនធ្លាប់មាន ហើយអនាគត អូស្ត្រលី នឹងក្លាយជាអ្នកផ្គត់ផ្គង់អាហារលំដាប់ថ្នាក់កណ្ដាលនៅអាស៊ី៕
ព័ត៌មានជាតិ
មតិយោបល់