ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ បានធ្វើការជិះល្បាត និងឃាត់ខ្លួនជនសង្ស័យបានជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ ដកហូតថ្នាំញៀន៣កញ្ចប់និងម៉ូតូ២គ្រឿង ។ ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលំ ក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ម៉ៅ សុម៉ី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ជនសង្ស័យទី២ឈ្មោះ យន់ ស៊ីណាត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ជនសង្ស័យទី៣ឈ្មោះ ថា ស៊ីថុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុលមុខកំពូល ខេត្តកណ្តាល និងជនសង្ស័យទី៤ឈ្មោះ រឿង ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀន៣កញ្ចប់ និងម៉ូតូ២គ្រឿង ក្នុងនោះមានទី១ម៉ូតូម៉ាក MXS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CT-7577 និងទី២ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-6569។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នៅបទល្មើស លួច ឆក់ ប្លន់ ស្រាប់តែ បានប្រទះឃើញជនសង្ស័យរួចក៏បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៣កញ្ចប់ ហើយសមត្ថកិច្ចយើងបានយកមកអធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើ បានសារភាពថា ពួកគេបាននាំគ្នាទៅថ្នាំនោះនៅម្តុំផ្សារថ្មីខាងជើង និងរោងចក្រឆ្នាំង ដោយពួកគេទិញក្នុង ១កញ្ចប់ តម្លៃ ៣៥,០០០រៀល ដើម្បីយកទៅប្រើប្រាស់នៅឯស្រុកកំណើររបស់ពួកគេ។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕







https://youtu.be/0pkDt9aTfZs
មតិយោបល់