ព័ត៌មានបច្ចេកវិទ្យា

គន្លឹះសម្ងាត់ ៨ យ៉ាង អ្នកប្រើប្រាស់ Facebook គ្រប់រូបចាំបាច់ត្រូវដឹង

Facebook គឺជាបណ្តាញទំនាក់ទំនងសង្គមធំបំផុត និងពេញនិយមជាងគេបំផុតរបស់ពិភពលោក។ កម្មវិធីស្មាតហ្វូនរបស់វាទៀតសោត ត្រូវបានកែលំអរ ដាក់បន្ថែមមុខងារ និងសមត្ថភាពថ្មីៗជាបន្តបន្ទាប់ ហើយក្នុងចំណោមនោះ មានមួយចំនួនធំមិនត្រូវបានប្រកាសឱ្យអ្នកប្រើប្រាស់បានដឹងនោះទេ។ ម្លោះហើយ Post Tech សូមលើកយកនូវគន្លឹះសម្ងាត់ថ្មីៗចំនួន ៨ ចំណុច ដែលអ្នកប្រើប្រាស់ Facebook គ្រប់រូបចាំបាច់ត្រូវដឹង មកបង្ហាញជូនដូចតទៅ៖


១- មើលសកម្មភាពមុនៗរបស់លោកអ្នក
អ្នកអាចចូលមើលរាល់សកម្មភាពដែលខ្លួនបានធ្វើនៅលើ Facebook ទាំងអស់ រាប់បញ្ចូលទាំងការចុច Like, Love, Wow, Angry, Sad ឬ Comment ជាដើម។ល។ បាន ដោយចូលទៅកាន់ Facebook Profile របស់អ្នក រួចចុចចូល Activity Log។

២- បង្កើតកិច្ចសន្ទនាសម្ងាត់
នៅពេលប្រើប្រាស់កម្មវិធី Facebook Message អ្នកអាចជ្រើសរើសមុខងារជជែកឆ្លើយឆ្លងរវាងដៃគូម្នាក់ទល់ម្នាក់ជាសម្ងាត់បាន (ទិន្នន័យក្នុងបន្ទប់សាររបស់អ្នកត្រូវបានបំប្លែងជាទម្រង់សម្ងាត់ និងការពារដោយលេខកូដសម្ងាត់) ដោយនៅពេលអ្នកកំពុងឆ្លើយឆ្លងជាមួយដៃគូ សូមចុចលើមឺនុយ i រួចជ្រើសយក Secret Conversation។ ក្នុងនោះដែរ លោកអ្នកក៏អាចកំណត់ម៉ោងឱ្យសាររបស់អ្នកលុបចេញដោយស្វ័យប្រវត្តិ បន្ទាប់ពីវាត្រូវបានអានរួច ឬក្នុងថេរវេលាកំណត់ណាមួយ ដោយចុចលើរូបម៉ោង។

៣- បញ្ចូលឈ្មោះអ្នកប្រើប្រាស់ Facebook ជំនួសអ្នក
ទំព័រ Facebook នៅតែបន្តដំណើរការ បើទោះជាអ្នកលែងអាចប្រើប្រាស់វាបានតទៅទៀតក៏ដោយ។ ម្លោះហើយ ដើម្បីប្រាកដថាវានឹងនៅតែមានអ្នកគ្រប់គ្រងបន្ត អ្នកអាចបញ្ចូលឈ្មោះនរណាម្នាក់ក្នុង Legacy Contact ជាមុនបាន ដោយចូលទៅកាន់ Settings -> Security -> Legacy Contact រួចបញ្ចូលឈ្មោះនរណាម្នាក់នោះចូល។

៤- បង្ហោះវីដេអូកម្រិតគុណភាព HD
ជាធម្មតា រូបភាព-វីដេអូដែលលោកអ្នកដាក់បង្ហោះលើទំព័រ Facebook ត្រូវបានទម្លាក់គុណភាព ឬកាត់បន្ថយទំហំរូបភាពចោលខ្លះ (ប្រសិនបើវាធំពេក) ដោយស្វ័យប្រវតិ្ត។ ដូច្នេះ បើចង់រក្សាគុណភាពរូបភាព-វីដេអូក្នុងកម្រិត HD លោកអ្នកអាចចូលទៅកាន់ Settings -> Videos and Photos រួចជ្រើសយក HD សម្រាប់ទាំងរូបថត និងវីដេអូ។

៥- ឆែកមើលប្រវត្តិកាលនៃការប្រើគណនី Facebook របស់អ្នក
Facebook កត់ត្រារាល់សកម្មភាព ទីកន្លែង និងឧបករណ៍ ដែលត្រូវបានប្រើសម្រាប់ចុះឈ្មោះចូលប្រើសេវាកម្មបណ្តាញសង្គម Facebook តាមគណនីនីមួយៗគ្រប់ពេល។ តាមរយ:កំណត់ត្រាទុកនេះ អ្នកក៏អាចឆែកមើលដឹងថា តើមាននរណាម្នាក់លួចប្រើគណនីរបស់អ្នកបាន ដោយចូលទៅកាន់ Settings -> Security -> Where You’re Log In នោះអ្នកនឹងឃើញបញ្ជីរាយឈ្មោះឧបករណ៍ និងឈ្មោះកម្មវិធី Browser ដែលបានប្រើសម្រាប់បើកចូលគណនី Facebook របស់អ្នក ព្រមជាមួយពេលវេលា និងទីកន្លែងប្រើប្រាស់ជាហូរហែតែម្តង។

៦- ឆែកមើលអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ កាលពីឆ្នាំកន្លងទៅ
ជូនកាល Facebook ផ្ញើសារ ‘On This Day’ ឱ្យអ្នកបានដឹងអំពីសកម្មភាពផ្សេងៗដែលអ្នកបានធ្វើក្នុងថ្ងៃនេះ នៅលើ Facebook កាលពីឆ្នាំកន្លងផុតទៅណាមួយ។ ប៉ុន្តែ អ្នកក៏អាចធ្វើដូចគ្នានេះបានដោយចូលទៅកាន់គណនី Facebook របស់ខ្លួនតាមកម្មវិធី Browser ណាមួយ រួចចូលទៅកាន់អាសយដ្ឋាន www.facebook.com/onthisday។

៧- កំណត់អតិភាពឱ្យគណនី ឬទំព័រ Facebook សំខាន់ៗ
ប្រសិនបើអ្នកបានចុច Like ឬ Follow គណនី និងទំព័រ Facebook ច្រើនផ្សេងគ្នា អ្នកប្រហែលជាមិនអាចតាមដានព័ត៌មាន ឬដំណឹងបង្ហោះលើគណនី និងទំព័រ Facebook ទាំងអស់នោះបានទេ។ ប៉ុន្តែ អ្នកអាចកំណត់អតិភាពឱ្យគណនី និងទំព័រ Facebook ទាំងនោះបាន ដោយចូលទៅកាន់ Settings -> News Feed Preference -> Priorities Who to See First រួចជ្រើសរើសឈ្មោះគណនី ឬទំព័រណាដែលអ្នកចង់ឱ្យបង្ហាញលើ New feed របស់លោកអ្នកមុន និងបន្តបន្ទាប់។

៨- អ្នកអាចលេងហ្គេមខ្លះលើកម្មវិធី Messenger
អ្នកអាចលេងហ្គេមមួយចំនួនដូចជា Chess, Pac-Man, Space Invader ជាដើម ក្នុងពេលកំពុងឆ្លើយឆ្លងសារក្នុងកម្មវិធី Messenger ផ្ទាល់តែម្តងបាន ដោយគ្រាន់តែចុចលើរូបដៃហ្គេម (មានតែក្នុងកម្មវិធី Messager ជំនាន់ថ្មីបំផុត) រួចជ្រើសរើសហ្គេមដែលអ្នកចង់លេង ជាការស្រេច៕

ប្រភពព័ត៌មាន៖ indiatimes

មតិយោបល់