ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌសែនសុខ បង្ហាញមុខស្ត្រីសមគំនិតក្នុងអំពើលួច និងទទួលផលចោរកម្ម

ភ្នំពេញៈ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានបង្ហាញមុខស្ត្រីម្នាក់សមគំនិតអំពើលួច និងទទួលផលចោរកម្មដែលធ្វើឡើងនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតែម្តង។

ស្ត្រីសង្ស័យឈ្មោះ អី ពៅ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តកំពត។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបាន មានប្រសាសន៍ថា ក្រោយពីទទួលដំណឹងថាមានក្រុមជនសង្ស័យគាស់ផ្ទះលួចម៉ូតូដល់ទៅចំនួន៥គ្រឿងនៅសង្កាត់ទឹកថ្លា ទើបលោកបានដាក់បញ្ជារមកតាមបណ្តាប៉ុស្តិ៍ចុះស្រាវជ្រាវ និងធ្វើរដ្ឋបាលក្នុងមូលដ្ឋានភ្លាមៗដោយឲ្យលោកវរៈសេនីយ៍ត្រី គួក សុខហួរ អធិការរងផ្នែកព្រហ្មទណ្ឌដឹកនាំ
កម្លាំងសហការជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋាន ចុះមកបង្ក្រាប ទើបឈានទៅចាប់បានមុខសញ្ញាខាងលើនៅចំណុចផ្ទះជួលក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងដកហូតម៉ូតូបាន៣គ្រឿងមកវិញក្នុងចំណោមម៉ូតូ៥គ្រឿង។

គួររំឭកថា កាលពីទៀបភ្លឺថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពកាត់សោផ្ទះលេខ១៩៤ ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានលួចយកម៉ូតូអស់ចំនួន៥គ្រឿងដោយក្នុងនោះមានម៉ូតូឌ្រឹមសង់ចំនួន២គ្រឿង ម៉ូតូវ៉េវពណ៌ខ្មៅចំនួន២គ្រឿង និងម៉ូតូគុបជ្រុងសេ៥០មួយគ្រឿងដោយសុវត្តិភាពរហូតដល់ព្រឹកឡើងទើបម្ចាស់ផ្ទះភ្ញាក់ផ្អើល និងបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច៕

មតិយោបល់