ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើពិធីបើកយុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាត នៅក្នុងសាលារៀនគោលដៅចំនួន១២ នៃខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បង្កើតទម្លាប់ ការយល់ដឹង និងគាំពារបរិស្ថានទាំងអស់គ្នា។ នេះបើតាមផេកក្រសួងអប់រំ ចេញផ្សាយមុននេះបន្តិច។
យុទ្ធនាការនេះ ធ្វើឡើងដើម្បីជំរុញឲ្យគ្រប់ក្រសួងស្ថាប័នអប់រំទាំងអស់នៅរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ភាពបៃតង និងមានសណ្ដាប់ធ្នាប់ អនាម័យល្អនៅក្នុងសាលា ពិសេសបណ្ដុះផ្នត់គំនិតសិស្សានុសិស្ស យុវជន និងបុគ្គលិកអប់រំគ្រប់រូប គ្រប់លំដាប់ថ្នាក់ ឲ្យយល់ដឹង និងគាំពារបរិស្ថាន ដោយបង្កើតទម្លាប់សិស្សានុសិស្សឲ្យចេះថែរក្សាបរិស្ថានឲ្យស្អាត ហើយការបោះចោលសំរាមក្រៅធុងសំរាមនឹងត្រូវទទួលពិន័យផ្សេងៗជាដើម។
គួរបញ្ជាក់ថា យុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាតនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ក្រោមការដឹកនាំដោយឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងសាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងដៃគូអភិវឌ្ឍដែលអ្នកពាក់ព័ន្ធ៕
មតិយោបល់