ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ឃាត់ខ្លួនពីបទលួចម៉ូតូ កាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមូលដ្ឋានផ្ទះលេខ ៧២Z ផ្លូវ២៦៥ ក្រុម ទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស តាស្យា ហៅ ស្យា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវលំ ភូមិត្រពាំងថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិ២ ឃុំស្មាច់មានជ័យ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ។ រីឯជនរងគ្រោះមានឈ្មោះ នៅ រាម ភេទស្រី អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ៧២Z ផ្លូវ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយឡែកវត្ថុតាងចាប់យករួមមាន ម៉ូតូ១គ្រឿងម៉ាក Honda Scoopy សេរី២០១១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX-0592 ដែលមានលេខតួ និងលេខម៉ាស៊ីន 016 2455 (ចាប់យកពីជនសង្ស័យឈ្មោះ ស តាស្យា) បានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១៣សន្លឹក ប័ណ្ណសម្គាល់យានយន្តចំនួន៤សន្លឹក និងកូនកន្ត្រៃចុងស្រួចចំនួន១។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូខាងលើត្រឡប់មកពីលក់ដូរនៅផ្សារ លុះពេលមកដល់ផ្ទះ ជនរងគ្រោះបានចតម៉ូតូទុកនៅមុខផ្ទះដោយមិនបានយកកូនសោចេញពីម៉ូតូឡើយ ហើយក៏ដើរចូលទៅក្នុងផ្ទះ ភ្លាមនោះជនសង្ស័យឈ្មោះ ស តាស្យា បានធ្វើសកម្មភាពលួចម៉ូតូ ហើយអូសចេញគេចខ្លួនបានប្រហែល៥ម៉ែត្រ ស្រាប់តែជនរងគ្រោះឃើញទាន់ក៏ស្រែកថាចោរៗ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ល្បាតឆ្លងកាត់ក៏ឃាត់ខ្លួនបាន រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកតែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់