ព័ត៌មានជាតិ

ជួលផ្ទះសំណាក់ដេកបាន១យប់ បន្លំលួចទូរទស្សន៍ ត្រូវសមត្ថកិច្ចចាប់ជាប់

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចទូរទស្សន៍ កាលពីវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះ សំណាក់នគរជុំ បន្ទប់លេខ៣០៦ ផ្ទះលេខ៣៧ ផ្លូវលេខ២៣៤ ក្រុមទី១៣ ភូមិ៧ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១. ឈ្មោះ ប្រាក់ រក្សា ហៅ កា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកបន្លែ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៣៥ សង្កាត់ផ្សារដើមគរ និងទី២. ឈ្មោះ ហុង បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកបន្លែ មានទីលំនៅ និងស្រុក កំណើតភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ដោយឡែកជនរងគ្រោះឈ្មោះ សុខ ម៉ាម៉ូលីនដា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់នគរជុំ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលេខ២៣៤ ក្រុមទី១៣ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ រួមនឹងវត្ថុតាងមានទូរទស្សន៍LCDមួយគ្រឿង ទំហំ21Inc ពណ៌ខ្មៅម៉ាកSamsung (បានប្រគល់ជូនជនរងគ្រោះវិញ) និងថង់មានដៃយួរពណ៌ក្រហម រូបតុក្កតាចំនួន១។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១១យប់ ជនសង្ស័យទាំង២នាក់បានចូលទៅជួលផ្ទះសំណាក់ដេកនៅជាន់ទី៣ បន្ទប់លេខ៣០៦ រហូតដល់ម៉ោងប្រហែល៥ជិតភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យទាំងពីរនាក់បានចុះមកវិញមានកាន់ថង់ដៃយួរពណ៌ក្រហមមកផងដែរ ខណៈនោះសន្តិសុខបានឃើញក៏សុំ ត្រួតពិនិត្យមើល ក៏ប្រទះឃើញទូរទស្សន៍១គ្រឿងជារបស់ផ្ទះសំណាក់ ហើយសន្តិសុខបានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់