ព័ត៌មានជាតិ

ប្តីប្រពន្ធ លួចលុយក្រុមហ៊ុនជិត៤០ម៉ឺនដុល្លារទៅលេងល្បែងនៅណាហ្គា ជាប់គុក២ឆ្នាំ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ជនជាប់ចោទ២នាក់ប្តីប្រពន្ធ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលម្នាក់២ឆ្នាំ ដោយអនុវត្តទោសត្រឹមតែម្នាក់១ឆ្នាំតែប៉ុណ្ណោះ និងពិន័យជាប្រាក់ចំនួន៤លានរៀលចូលថវិការដ្ឋ។

នៅក្នុងសាលាក្រមដដែលនេះ លោក រស់ ពិសិដ្ឋ បានតម្រូវឲ្យជនជាប់ចោទទី១. ឈ្មោះ ហ៊ កុសល ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី និងទី២. ឈ្មោះ ផាត រស្មី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ប្រធានគណនេយ្យក្រុមហ៊ុន ពិភពថ្មី រួមគ្នាសងប្រាក់ខូចខាតទៅដើមបណ្តឹងចំនួន ៣៧៣,៤៨១.៧៥ដុល្លារ និងសងជំងឺចិត្តទៅដើមបណ្ដឹងចំនួន៤០លានរៀល ក្រោមបទចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើរំលោភទំនុកចិត្ត និងឆបោក ប្រព្រឹត្តកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្រុមហ៊ុន ពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា២៨ មាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា នៅក្នុងសវនាការនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ជនជាប់ចោទបានថ្លែងសារភាពទទួលស្គាល់ការចោទប្រកាន់របស់តំណាងអយ្យការ ដោយជនជាប់ចោទឈ្មោះ ហ៊ កុសល បានបញ្ជាក់ថា ខ្លួនបានសុំឲ្យប្រពន្ធជួយបន្លំយកលុយក្រុមហ៊ុន ទៅស្រង់ដើមដែលខ្លួនលេងល្បែងចាញ់នៅកាស៊ីណូណាហ្គាវើល៕

មតិយោបល់