ព័ត៌មានកីឡា

Carlos Tevez ​នឹង​ទៅ​លេង​នៅ​ចិន ​ក្នុង​តម្លៃ​ខ្លួន​៣១,៥​លាន​ផោន​ក្នុង​១​ឆ្នាំ

ខ្សែ​ប្រយុទ្ធ Carlos Tevez ​នឹង​ទៅ​លេង​នៅ​ក្លឹបShanghai Shenhua ​របស់​ប្រទេស​ចិន​ ​បន្ទាប់​ពី​រូបគេ​ចាកចេញ​ពី​ក្លឹប​នៅ​ស្រុក​កំណើត Boca Juniors ​ទៅ។

Tevez ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ស្រុក​កំណើត​នេះ ​ក្រោយ​ពី​ចប់រដូវកាល ​ខណៈ​ដែល​ពួកគេ​នៅ​សល់​តែ​ប៉ុន្មាន​ប្រកួត​ទៀត​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ការ​ចាកចេញ​ពី​ក្លឹប​នៅ​ស្រុក​កំណើត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ខ្សែ​ប្រយុទ្ធ​​រូប​នេះ នឹង​ទៅ​លេង​នៅ​ក្លឹប​ប្រទេស​ចិន ​ក្នុង​តម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់​មែនទែន ដល់​ទៅ​៣១,៥​លាន​ផោន​ឯ​ណោះ​ក្នុង​១​ឆ្នាំ។

ប្រសិន​បើ​ការ​ផ្លាស់ប្ដូរ​ដែល​សឹង​តែ​កើត​មាន​១០០​%​នេះ មិនមាន​បញ្ហា​ទេ​នោះ ​គឺ​មាន​ន័យ​ថា​អតីត​ខ្សែ​ប្រយុទ្ធ Juventus ​រូប​នេះ​នឹង​ទៅ​លេង​នៅ​ក្លឹប​ជាមួយ ​Demba Ba ​ចាប់​ដៃ​គូ​គ្នា​នៅ​តំបន់​ប្រយុទ្ធ។ ខណៈ​ដែល​ក្លឹប​ដៃ​គូ​ប្រជែង​របស់ Shanghai Shenhua ​ឈ្មោះ​ថា Shanghai SIPG ​នោះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​តែ​តាម​ទិញ Oscar ​ពី Chelsea ​មក​ដូច​គ្នា ដើម្បី​ចាប់​ដៃ​គូ​ជាមួយ Hulk ​ដែល​ជា​កីឡាករ​លេង​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​ដូច​គ្នា។

នេះ​មាន​ន័យ​ថា​លីគ​របស់​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ទៅ​ហើយ ​ក្រោយ​ពី​មាន​ការ​កោះហៅ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​ជា​ច្រើន​មក​លេង​នៅ​ទីនេះ ​ជា​ពិសេស​ក្លឹប​នៅ​ទីក្រុង​សៀងហៃ​តែ​ម្ដង ​ហៅ​សុទ្ធ​តែ​កំពូល​កីឡាករ​តែ​ម្ដង៕

មតិយោបល់