ព័ត៌មានជាតិ

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរជួយជួសជុលកំណាត់ផ្លូវលេខ២៦១មុខអធិការដ្ឋាននគរបាលខណ្ឌទួលគោកដែលខូចបែកភក់ជ្រាំ

ភ្នំពេញៈ កំណាត់ផ្លូវលេខ២៦១មុខអធិការដ្ឋាននគរបាលខណ្ឌទួលគោក១កន្លែង ក្នុងចំណោមផ្លូវកៅស៊ូជាច្រើនខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានប្រែក្លាយទៅជាបែកភក់ជ្រាំ និងក្រឡុកក្រហេងក្រហូង​ដូចថ្លុកក្របីដោយកន្លែងខ្លះដូចរន្ធបាយខុំទៅហើយធ្វើឲ្យប្រជាពលរដ្ឋជាអ្នកដំណើរក៏ដូចជាអ្នករស់នៅពិបាក​​​ក្នុងការធ្វើដំណើរ ហើយ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោក និងមន្ទីរសារធារណៈការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវចូលអធិការដ្ឋានខណ្ឌខូចធ្ងន់ធ្ងរខ្លាំងជាងនេះទៀត។

សូមបញ្ជាក់ផងដែរ បើធ្វើដំណើរតាមផ្លូវលេខ២៦១ មកចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នោះនឹងបានឃើញផ្លូវខូចក្រហេងក្រហូង បែកភក់ជ្រាំនេះមិនខានឡើយ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ផ្លូវមួយខ្សែនេះបានខូចជាយូរមកហើយដែរ ដោយកាលពីមុនមានក្រឡុកតូចទេតែ ឥឡូវនេះក្រឡុកចាប់រីកធំទៅៗ ដូចថ្លុកក្របីទៅហើយ ដោយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃផងនោះ គឺផ្លូវមួយកំណាត់នេះបានប្រែក្លាយទៅជាបែកភក់ជ្រាំដោយកន្លែង ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់។ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលារាជធានីភ្នំពេញ ជាពិសេសសាលាខណ្ឌទួលគោក និងមន្ទីរសាធារណៈការមេត្តាចុះទៅពិនិត្យមើល និងធ្វើ ការជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវនៅតំបន់នេះខូចធ្ងន់ធ្ងរជាងនេះទៀត ព្រោះក៏ជាមុខជាមាត់របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ។

គួររំលឹកឲ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ចេញនូវវិធានការក្តៅមួយដល់ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី ខេត្តទូទាំងប្រទេសឲ្យជួសជុលបន្ទាន់នូវថ្នល់ទូទាំងប្រទេសក្រោយបញ្ចប់ជាស្ថាពរនៅរដូវវស្សាឆ្នាំនេះ ខណៈដែលផ្លូវជាច្រើនបាន​នឹងកំពុងខូចខាត់ជាទម្ងន់៕

មតិយោបល់