ព័ត៌មានជាតិ

ដំណើរការវិញហើយ បណ្ណាល័យកំពង់ចាម !

កំពង់ចាមៈ​ បណ្ណាល័យ​ដែល​ត្រូវ​​បាត់បង់​អស់​រយៈពេល​ជាង​៤០ឆ្នាំ​ហើយ​នោះ​ ដោយមានការផ្តួចផ្តើមគំនិតពីឯកឧត្តម លន់ លឹមថៃ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ សហភាពសហព័​ន្ធយុវជន​កម្ពុជា​ និងមានការ​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ពីសប្បុរសជន​ជា​ច្រើន​ផងនោះ បណ្ណាល័យកំពង់ចាម​ត្រូវ​បានសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញ នារសៀល​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ក្រោម​អធិបតី​ភាព​ ​ឯកឧត្តម​ លន់​ លឹម​ថៃ​ អភិបាល​​ខេត្តកំពង់ចាម​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ ឃឹម​ សារិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក​ជំទាវ​ ទន់​ សា​អ៊ី​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​កងកម្លាំង​មន្ត្រី​រាជការ​ជុំវិញ​ខេត្ត​ លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សានុសិស្ស​ជា​ច្រើន​អ្នក​ផង​ដែរ​​។

ព្រឹត្តការណ៍​ដែល​មាន​មនុស្ស​ប្រមាណ​ជា​៣ ០០០នាក់​ ​ចូលរួម​ដង្ហែសៀវភៅ​ ពី​មុខ​សាលា​ខេត្ត​ទៅ​ចូលក្នុងបណ្ណាល័យកំពង់ចាម​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម​ និង​សប្បាយ​រីករាយ​ ដោយ​មាន​តន្ត្រី​សម្រាប់​ទស្សនា​កម្សាន្ត​ផង​ដែរ​។

ឯកឧត្តម​ លន់​ លឹម​ថៃ​ បាន​បញ្ជាក់ថា​ បណ្ណាល័យ​វា​ខុស​ពី​បណ្ណាគារ​ គឺ​បណ្ណាល័យ​សម្រាប់​ផ្តល់​ជូន​ ឬ​ឲ្យ​ខ្ចី​សៀវភៅ​យក​ទៅ​អាន​សិក្សា​ តែ​បណ្ណាគារ​វិញ​ គឺ​ជា​កន្លែង​សម្រាប់​លក់​ ហើយ​បណ្ណាល័យ​នេះ គឺពុំមានប្រាក់ចំណូលទេ តែ​ចំណេញ​លើចំណេះដឹងដែលបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស​​ និស្សិត​ទូទៅ​ ទាំង​ខ្មែរ​ និង​បរទេស​ អាចចូលអាន​សៀវភៅនៅទីនេះបាន​។ ជា​ចុងក្រោយ​ ឯកឧត្តម​ ក៏បានជំរុញឲ្យយុវជន សិស្សានុសិស្ស និស្សិតឲ្យកែប្រែទម្លាប់ងាក​មក​អានសៀវភៅឲ្យបានច្រើន ព្រោះ​រៀនច្រើន អាន​ច្រើន​ យើង​ក៏​កើន​ចំណេះ​ចេះច្រើន​ដូចគ្នា​ដែរ​ ៕

មតិយោបល់