ព័ត៌មានបច្ចេកវិទ្យា

Command Prompt ៤ យ៉ាងនៅលើ Windows 10 ដែលអ្នករៀន IT ថ្មីថ្មោងគួរដឹង

ប្រិយមិត្តមួយចំនួនប្រហែលជាគិតថា Command Prompt ជាកម្មវិធីចំណាស់ដែលចេញជាង ៣០ឆ្នាំ នេះ ហួសសម័យទៅហើយសម្រាប់ Windows 10 ប៉ុន្តែនេះមិនមែនជាងការពិតទេ។ សម្រាប់កម្មវិធី Command Prompt អាចជួយដោះស្រាយបញ្ហាបានជាច្រើន ហើយប្រហែលជាមានអ្នកជំនាញ IT មួយចំនួនបានយល់ដឹងពីវាច្បាស់ដូចគ្នា។

អ្នកប្រើប្រាស់ Windows ជាច្រើនគឺសឹងតែមិនដែលប្រើប្រាស់កម្មវិធី Command Prompt ផង ប៉ុន្តែមានកិច្ចការមួយចំនួនដែលចាំបាច់ត្រូវការប្រើប្រាស់កម្មវិធីនេះ។ ហើយពេលនេះ Post Tech សូមបង្ហាញជូន Command Prompt បួនយ៉ាងដែលមានអត្ថប្រយោជន៍សម្រាប់លោកអ្នក។

ដើម្បីបើកកម្មវិធី Command Prompt សូមចុច Start វាយបញ្ចូលពាក្យ CMD រួចចុច Mouse ស្តាំលើ Command Prompt ហើយជ្រើសរើសយកពាក្យថា​ Run as administrator ។

១ – ipconfig

គ្រប់ពេលដែលអ៊ីនធើណែតមានបញ្ហានៅលើកុំព្យូទ័រ វិធីដំបូងដែលត្រូវធ្វើគឺ កំណត់បណ្តាញកុំព្យូទ័រឡើងវិញ តាមរយៈ Command Prompt ហើយរបៀបអនុវត្តន៍ ខណៈពេលដែលកំពុងឈរនៅលើ Command Prompt សូមវាយបញ្ចូល ipconfig /release រួចចុច Enter (វានឹងធ្វើការលុបសម្អាតបណ្តាញអ៊ីនធើណែតកុំព្យូទ័រចោល) បន្ទាប់មកទៀត វាយបញ្ចូលពាក្យ ipconfig /renew រួចចុច Enter (វានឹងធ្វើការរៀបចំបណ្តាញអ៊ីនធើណែតនៅលើកុំព្យូទ័រឡើងវិញ)។

២ – Ping

នៅពេលដែលអ្នកបើកទៅកាន់គេហទំព័រណាមួយ ហើយបើកមិនចេញសោះ តើអ្នកគិតថាបញ្ហាស្ថិតនៅលើ Website ឬ បណ្តាញអ៊ីនធើណែតលើកុំព្យូទ័ររបស់អ្នក។ ស្ថិតក្នុងស្ថានភាពនេះ គឺអ្នកត្រូវការ Command Prompt ធ្វើការបញ្ជាក់ជូន ដោយធ្វើតេស្តការ Ping ទៅកាន់ Google នោះវានឹងបញ្ជាក់ជូនថាអ៊ីនធើណែតកុំព្យូទ័ររបស់អ្នកអាចភ្ជាប់ទៅដល់ Google បានឬអត់? ហើយរបៀបអនុវត្តន៍ ខណៈពេលដែលកំពុងឈរនៅលើ Command Prompt សូមវាយបញ្ចូល ​ping google.com រួចចុច Enter (វានឹងធ្វើការទំនាក់ទំនងទៅកាន់ Google ប្រសិនបើបណ្តាញអ៊ីនធើណែតកុំព្យូទ័ររបស់អ្នកដំណើរការ នោះវានឹងឆ្លើយតបមកវិញដោយមិនមានសារបញ្ជាក់ថាបរាជ័យក្នុងការទំនាក់ទំនង)។

៣ – sfc (System File Checker)

The System File Checker វាធ្វើការស្វែងរក និងជួសជុលរាល់បញ្ហាដែលកើតឡើងនៅលើប្រព័ន្ធប្រតិបត្តិការ Windows។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់ Windows ម្នាក់បានបាត់ប៊ូតុងសំឡេងនៅលើ របា Start នៃ Windows 10 ដោយមិនដឹងខ្លួន ហើយគាត់ក៏បានដោយស្រាយបញ្ហានោះដោយវាយបញ្ចូល sfc /scannow រួចចុច Enter នៅលើ Command Prompt ហើយក្រោយពេលដំណើរការចប់ គាត់ក៏ទទួលបានប៊ូតុងសំឡេងនៅលើកុំព្យូទ័ររបស់គាត់វិញ ដោយដំណើរការនោះបានចំណាយពេលអស់ប្រហែល ១០នាទី។ ចំណាំ៖ ដំណើរការនេះ លឿន ឬយឺតវាពឹងផ្អែកលើកម្លាំងម៉ាស៊ីនកុំព្យូទ័រអ្នកប្រើប្រាស់។

៤ – powercfg

ចំណុចមួយនេះ វាធ្វើការបង្ហាញពីព័ត៌មានថាមពលថ្មរបស់កុំព្យូទ័រ និងវិភាគលំអិតពីការប្រើប្រាស់អំពីកុំព្យូទ័រ រាប់បញ្ចូលទាំងចំនួននៃការសាកថ្ម។

ខណៈពេលដែលកំពុងឈរនៅលើ Command Prompt សូមវាយបញ្ចូល powercfg /energy រួចចុច Enter ហើយរង់ចាំដំណើរការចប់ប្រហែល ២នាទី ក្រោយមកវានឹងបង្ហាញ រាល់បញ្ហាដែលកំពុងកើតឡើងនៅលើថ្មកុំព្យូទ័រ (ទីតាំងព័ត៌មាននឹងត្រូវបង្ហាញប្រាប់ឲ្យដឹង)។ អ្នកក៏អាចវាយបញ្ចូល powercgf /batteryreport រួចចុច Enter (ដើម្បីចង់ដឹងពីព័ត៌មានលំអិតអំពីថាមពលថ្មកុំព្យូទ័រ) ហើយរង់ចាំដល់ដំណើរការចប់ នោះវានឹងបង្ហាញទីតាំង Battery report (C:\Windows\system32\battery-report.html)៕

 

មតិយោបល់