ព័ត៌មានជាតិ

ធ្វើការងារសំណង់ហត់នឿយ បន្លំធ្វើជាសង្ឃ ដើរបិណ្ឌបាត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្លែងធ្វើជាព្រះសង្ឃ និងអ្នកបើករ៉ឺម៉កកង់បីម្នាក់ នាំគ្នាចេញពីបន្ទប់ជួល មកប្តូរសំលៀកបំពាក់ស្បង់ជីវរលើរ៉ឺម៉កកង់បី តាមដងផ្លូវ ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងប្រជាការពារភូមិ ឃើញដេញឃាត់ខ្លួន យកមកសាកសួរ កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចដងផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សង្ឃក្លែងបន្លំខាងលើទី១ ឈ្មោះ ជុន ស៊ិន អាយុ១៩ឆ្នាំ ទី២ ឈ្មោះ រិទ្ធី ភូ អាយុ២៩ឆ្នាំ និងទី៣ នូវ ដាំ អាយុ២៣ឆ្នាំ អ្នកបើកម៉ូតូកង់បី ។ ជនទាំង០៣នាក់ ស្នាក់នៅបន្ទប់ជួលភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិស្រម៉រ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។

អាជ្ញាធរមូលដ្ឋានឲ្យដឹងថា មុនកើតហេតុខណៈកម្លាំង ជិះម៉ូតូដើរល្បាមើលក្នុងមូលដ្ឋានដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កកង់បីខាងលើ មានអ្នកជិះ០២នាក់មានកោសក់ខុសប្រក្រតី ក៏ឃាត់ពិនិត្យស្រាប់តែឃើញសម្ភារៈ សង្ឃក្លែងបន្លំសំលៀកបំពាក់ស្បង់ជីវរ ទើបឃាត់ខ្លួនជាក់ស្តែងតែម្តង និងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្ថកិច្ចសង្ឃក្លែងបន្លំខាងលើ បានប្រាប់ថា ពួកគេមិនមែនលោកសង្ឃទេ ជាប្រជាពលរដ្ឋធម្មតា ដោយសារតែធ្វើការសំណង់រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារនានា ក្នុងក្រុងតែម្តង ដោយមានរ៉ឺម៉កព្រឹកឡើង មកដឹកចេញពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់មកស្បង់ជីពរតាមដងផ្លូវ ។

ក្រោយពីមានចម្លើយសារភាព បច្ចុប្បន្នជនក្លែងបន្លំខាងលើ ត្រូវបាននាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត ៕

មតិយោបល់