ព័ត៌មានជាតិ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ចប់កិច្ចប្រជុំ ដោយអនុម័តលើរបៀបវារៈចំនួន៣

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ ២០១៦នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បានអនុម័តរបៀបវារៈចំនួន៣ ដូចខាងក្រោម ៖

១-អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន ១រូប ជំនួសសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសុំលាលែង ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការរដ្ឋានរដ្ឋសភា ប្រកាសជ្រើសរើសបេក្ខជន ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

២-អង្គប្រជុំបានអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញ ទៅមកនៃវិនិយោគ ជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ។

៣-អង្គប្រជុំបានអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

heng

មតិយោបល់