បន្ទាយមានជ័យៈ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកមួយដែលតភ្ជាប់ប្រទេសថៃជាមួយនឹងប្រទេសកម្ពុជា ហើយជាច្រកដែលមានភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងទំនិញឆ្លងកាត់ច្រើនជាងគេក្នុងមួយថ្ងៃៗ។ ទន្ទឹមនឹងមានភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់ច្រើន គេក៏សង្កេតឃើញថាមានឈើគ្រញូងឆ្លងកាត់តាមច្រកមួយនេះផងដែរ។ គេបានដាក់ការសង្ស័យថា វាអាចផ្តើមចេញពីការបើកភ្លើងខៀវរបស់សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដែលឃុបឃិតជាមួយឈ្មួញប្តូរនឹងលាភសក្ការៈធំ។
សូមរំលឹកថាថ្មីៗនេះ ឈើគ្រញូងជាង៣០០គីឡូក្រាមត្រូវបានអង្គភាពស្ថាប័នគយរដ្ឋាករក្រុងប៉ោយប៉ែតឆែក និងឃាត់ចាប់បានដោយគេបង្កប់ក្រោមទំនិញតាមរទេះសណ្តោង។ ហើយការដែលឃាត់ចាប់បានរបស់មន្ត្រីគយនេះ គឺកើតមានពីរលើកមកហើយ ដែលការដឹកមានរូបភាពដូចគ្នា អាចជាម្ចាស់នឹងថៅកែដែលមានឥទ្ធិពលតែម្នាក់ក្នុងក្រុងប៉ោប៉ែត។
ក្រុមអ្នកវិភាគមាត់ដាច់តាមតុកាហ្វេបាននិយាយប្រាប់អង្គភាព post newsនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា វាគ្មានអ្វីត្រូវឆ្ងល់នោះទេ ធម្មតាបើគ្មានការត្រូវរូវពីសំណាក់ឈ្មួញជាមួយសមត្ថកិច្ចពាក់ព័ន្ធនោះទេ វាមិនអាចឆ្លងដែនមកដល់ដីកម្ពុជានោះទេ។ បើមិនត្រូវគ្នាកុំថាឡើយឈើគ្រញូង សូម្បីតែទំនិញរត់ពន្ធបង្កប់តែបន្តិច ក៏មិនអាចគេចរួចពីសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅមាត់ច្រកនោះឡើយ ព្រោះគេបានដាក់បណ្តាញកម្មករពាសពេញក្នុងផ្សារថៃ ចុះទំរាំដល់ទៅឈើគ្រញូង គឺពិតជាមិនអាច…។ មួយវិញទៀត សកម្មភាពដែលបង្កប់លាក់ក្នុងរូបភាពបែបនេះមិនមែនជាលើកទីមួយទេ គឺអាចកើតមានស្ទើតែរាល់ថ្ងៃទៅហើយតែគ្រាន់ថា មិនត្រូវថ្លៃ ឬមិនបានប្រកាសនឹងក្បត់គ្នាទើបឈានដល់ការចាប់សាងស្នាដៃ។
សូមបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលចរាចរឆ្លងកាត់ឈើគ្រញូងមិនធម្មតាទេ ទូទៅគេសង្កេតឃើញថា នាំចូលតាមច្រករបៀងដែលគ្រប់គ្រងដោយប៉ូលីសព្រំដែន និងទាហានតាមព្រំដែន ហើយមិនតែប៉ុណ្ណោះបានហៀរទៅដល់ច្រកអន្តរជាតិប៉ោយប៉ែតទៀត៕





មតិយោបល់