ព័ត៌មានជាតិ

បុកគ្នា៣តង់! កុងតៃន័រសង្ស័យហ្វ្រាំងមិនស៊ី ជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ រុញទៅផ្ទប់ហ្វត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរណ៍មួយដែល រថយន្តកុងតៃន័រមួយគ្រឿង សង្ស័យហ្វ្រាំងមិនស៊ី ទើបជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ កំពុងឈប់ចតស្ងៀម រុញទៅផ្ទប់រថយន្តហ្វ័ត ខាងមុខដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរថយន្តហាយឡែនឌ័រ ខ្ទេចរួញ ទាំងមុខទាំងក្រោយ រថយន្តហ្វត ខូចខាតស្តុបចំហៀងខាងក្រោយ តែមិនបង្កឲ្យអ្នកណារងរបួស ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ៧និង៥៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវវ៉េងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ រថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-3931 ម្ចាស់ទើបទិញបានជាង១០ថ្ងៃ បានបើកតាមផ្លូវចោមចៅពីលិចទៅកើត ដល់ចំណុចកើតហេតុ បានឈប់ចតស្ងៀម ដើម្បីឲ្យរថយន្តម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-8413 កំពុងបើកស្របទិសនៅពីខាងមុខ ហើយកំពុងបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ ស្របពេលនោះស្រាប់តែរថយន្តបង្ក ប្រភេទកុងតៃន័រ ម៉ាកនីសាន់ ពណ៌ បៃតង លាយស្លែ ពាក់ស្លាកលេខ ភ្នំពេញ 3C-6315 របស់ក្រុមហ៊ុនតេង ឡាយ បើកល្បឿនលឿន ពីលិចទៅកើត ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកពីក្រោយរថយន្តហាយឡែនឌ័រ រុញទៅផ្ទប់នឹងរថយន្តហ្វត បណ្តាលឲ្យ រថយន្តហាយឡែនឌ័ររងខូចខាតធ្ងន់ ខ្ទេចទាំងមុខ ក្រោយ តែពុំមានអ្នកណារងរបួសឡើយ ។

បើតាមសម្តីអ្នកបើកបររថយន្តកុងតៃន័របានឲ្យដឹងថា រថយន្តរបស់គាត់ ហ្វ្រាំងផ្នែកខាងរ៉ឺម៉កក្រោយ ជាន់មិនស៊ីទេ ទើបជួបបញ្ហាបែបនេះ ។

ក្រោយកើតហេតុ ខណៈដែលរថយន្តទាំង ៣គ្រឿងកំពុងជួបបញ្ហានៅលើផ្លូវ បណ្តាលឲ្យកកស្ទះចរាចរណ៍ រហូតដល់កម្លាំងនគរបាលចុះទៅអន្តរាគមន៍ យករថយន្តទាំងអស់ក្នុងហេតុការណ៍ ទៅដាក់អៀបកៀនខាង ទុកឱកាសឲ្យភាគីអស់អស់និយាយគ្នាមួយជំហានសិន តាមសំណើរខាងភាគីរថយន្តកុងតៃន័រ តែបើក្នុងករណីមិនត្រូវគ្នា សមត្ថកិច្ចប្រគល់ជូនការិយាល័យចរាចរជើងគោក សាងឯកសារតាមនីតិវិធីច្បាប់ ៕

មតិយោបល់