ភ្នំពេញ ៖ ជនសង្ស័យម្នាក់ខណៈដែល កំពុងធ្វើសកម្មភាព គាស់បន្ទប់ រើកកាយទ្រព្យសម្បត្តិ បះចំថ្ងៃស៊យ ម្ចាស់មកទាន់ស្រែកថាចោរចោរ ហើយជនសង្ស័យព្យាយាមជិះម៉ូតូរូរត់គេចបានបន្តិចម៉ូតូអស់សាំងទៀតក៏ ត្រូវបានម្ចាស់និងបងប្អូនប្រជាពលរដ្ឋ ប្រដេញតាមចាប់បាន ស្វាគមន៍ម៉ាចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ិង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្ទះជួល ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យ មានឈ្មោះ សោ សាវីត ភេទ ប្រុស ១៧ឆ្នាំកម្មកររោងចក្រ ម៉ារាធី ស្នាក់ផ្ទះជួលភូមិត្រពាំងឈូក កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ នរាយ ឃុំនរាយ ស្រុកឈូក ខេត្តកំពត ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ បានដកហូតម៉ូតូមួយគ្រឿង ម៉ាក ស្មាស់វី ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-4020 ជាមធ្យោបាយ ជិះដើរធ្វើសកម្មភាពបទល្មើស ។ចំណែកម្ចាស់បន្ទប់ ជាជនរងគ្រោះឈ្មោះ សំ ប្រុស អាយុ២៩ឆ្នាំ សន្តិសុខ ភូមិតាសេក កំបូល ស្រុកកំណើតភូមិ ដើមពោធិ៍ ឃុំ អង្គសុភី ស្រុកកំពង់ត្រាច កំពត ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនបាន ចាក់សោបន្ទប់ជួល រវល់ទៅផ្សាររកទិញម្ហូប ហើយពេលវិលត្រឡប់មកវិញ ស្រាប់តែឃើញបន្ទប់ចំហរទ្វារ ឃើញជនសង្ស័យ កំពុងរើកកាយ ឥវ៉ាន់ ទ្រព្យសម្បត្តិច្រកថង់ ។
ក្នុងសកម្មភាពបែបនេះ ក៏បានសួរ មកពីណារើកកាយបន្ទប់បែបនេះ ហើយត្រូវបានជនសង្ស័យឆ្លើយថា គេរើកកាយបន្ទប់របស់គេទេ ពេលនោះហើយ ស្រែកចោរជួយផង ធ្វើឲ្យជនសង្ស័យភ័យស្លន់ រត់ឡើងម៉ូតូជិះព្យាយាមរត់គេច ត្រូវបានជនរងគ្រោះ រួមជាមួយ បងប្អូនប្រជាពលរដ្ឋប្រដេញតាមចាប់បាន រហូតដល់ ភូម៨កប់អំបិល សង្កាត់កំបូល ដែលមានចំងាយ ៣គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
ក្រោយពេលឃាត់ចាប់ខ្លួនបាននាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍កំបូលដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕
មតិយោបល់