ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនមនុស្ស៣នាក់ ជាមួយវត្ថុតាងថ្នាំញៀន១៩កញ្ចប់

ត្បូងឃ្មុំៈ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង ចាប់ឃាត់ខ្លួន ព្រមទាំងធ្វើការដកហូតបាន ថ្នាំញៀនចំនួន១៩កញ្ចប់ រួមជាមួយវត្ថុតាងមួយចំនួនទៀត ដែលប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិជ្រូយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ដែលមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលពីតំណាងអយ្យការខេត្តផងនោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យឈ្មោះ ឃុន ណាស៊ីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជ្រូយ សង្កាត់សួង ក្រុងសួង ដោយរកឃើញ និងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សចំនួន៥កញ្ចប់តូច ដែលជនសង្ស័យ រក្សាទុកសម្រាប់ជួញដូរដោយខុសច្បាប់ និងឈានទៅបន្តឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន២នាក់ផ្សេងទៀត នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃដដែល ក្នុងនោះជនសង្ស័យទី១ឈ្មោះ ថុន ស៊ីថុល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង និងទី២ឈ្មោះ វ៉ី ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយដកហូតបានថ្នាំញៀន ចំនួន១៤កញ្ចប់ ក្នុងនោះតូចចំនួន១៣កញ្ចប់ និងធំ១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង និងសម្ភារៈវិចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់