ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីម្នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងមនុស្ស៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា។ ឧបទ្ទវហេតុខាងលើបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង៤៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៧-១៥៨ ស្ថិតនៅភូមិអូរតាហ៊យ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយ រថយន្ត ០១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2H-3030 មានទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ សូ សុខាល័យ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភ្នំពេញ អ្នករួមដំណើរក្នុងរថយន្តមាន០៤នាក់ស្រី០១នាក់ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើបានវ៉ាជែងចូលទៅបុករថយន្តដឹកកុងតឺន័រ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-0054 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា។
ប្រភពដដែលបន្តថា គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន០១នាក់ស្រី និង រងរបួសចំនួន ០៤នាក់ជនជាតិ ចិន០១នាក់រួមមាន៖
១-ឈ្មោះ សូនី អ្នករួមដំណើរលើរថយន្តLEXUS ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ២-ឈ្មោះ សូ សុខាល័យ អ្នកបើកបររថយន្តLEXUS រងរបួស ធ្ងន់ ។ ៣-ឈ្មោះ លី គ័ង អ្នករួមដំណើរលើរថយន្តLEXUS រងរបួស ធ្ងន់ ។ ៤-ឈ្មោះ បូរ៉ា អ្នករួមដំណើរលើរថយន្តLEXUS រងរបួស ធ្ងន់ ។
៥-ឈ្មោះ ហុង សៀវហាក់ អ្នករួមដំណើរលើរថយន្តLEXUS រងរបួស ស្រាល ។
ក្រោយកើតហេតុ អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូច វត្ថុតាងរថយន្តចំនួន ០២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា។ ចំណែកអ្នកបើកបររថយន្តកុងតឺន័ររត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕
មតិយោបល់