ភ្នំពេញៈ យោងតាមការបញ្ជាក់តាម Telegram របស់លោក សុក កែវបណ្ឌិត អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា លោក អ៊ី ស៊ីវិញ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនក្រុមជនត្រូវចោទ៤នាក់ដែលពាក់ករណី ចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយ ជាបណ្ដោះអាសន្នហើយ។
លោក សុក កែវបណ្ឌិត បានថ្លែងថា ក្នុងនាមលោកជាតំណាងអយ្យការ លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើជនត្រូវចោទមាន ទី១ឈ្មោះ ម៉េត សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិតាង៉ៅ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ទី២ឈ្មោះ ឆេន ឈិនយ៉ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបកប្រែភាសា រស់នៅខេត្តបាត់ដំបង ទី៣ឈ្មោះ អាលីម អូដាលីស ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិកាម៉ារ៉ូន សញ្ជាតិបារាំង ស្នាក់នៅរាជធានីភ្នំពេញ និងទី៤ឈ្មោះ អ៊ីហ្វម ជូម៉ាម៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកាម៉ារ៉ូន រស់នៅភ្នំពេញ ពីបទ ការប៉ុនប៉ង ឆបោកមានស្ថានទម្ងន់ទោស យោងតាមមាត្រា៣៧៧ មាត្រា៣៨០ និងមាត្រា៣៨១ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួររំលឹកថា សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនក្រុមជនត្រូវចោទទាំង៤នាក់ខាងលើ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រាដែលពួកគេកំពុងរៀបចំគម្រោងយកលុយក្លែងក្លាយទាំងអស់នោះទៅឆបោកអាជីវករម្នាក់ ក្នុងក្រុងប៉ោយប៉ែតដើម្បីដូរយកលុយសុទ្ធ។
នៅពេលឃាត់ខ្លួននោះសមត្ថកិច្ចបានដកហូតទូរសព្ទដៃចំនួន៦គ្រឿង ម្សៅពណ៌សចំនួន៤ថង់ ក្រដាសប្រាក់មួយដុំ ទឹកកូកាកូឡាមួយដប និងសម្ភារផលិតក្រដាសប្រាក់មួយចំនួនធំ។
សូមបញ្ជាក់ថា ករណីចរាចរណ៍ក្រដាសប្រាក់ដុល្លារក្លែងក្លាយ បាននឹងកំពុងវាយលុកនៅក្នុងសង្គមកម្ពុជា គួរឲ្យបារម្ភជាពិសេសនៅក្នុងខេត្តភាគខាងលិចប្រទេស ដែលមានសកម្មភាពពាណិជ្ជកម្មខ្លាំង។
ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅស្ថិតនៅចំណុចក្រុមទី៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដោយដកហូតបាន ក្រដាសប្រាក់ក្លែងក្លាយចំនួន៥៥,៣០០ដុល្លារ ផងដែរ។
ក្រោយមកជនត្រូវចោទទាំង៤នាក់ ទី១ឈ្មោះ គៀត គិស័ក (ជនជាតិថៃ) ទី២ឈ្មោះ អ៊ុងអាត ស៊ីវាតកន (ជនជាតិថៃ) ទី៣ឈ្មោះ សំចិត កមភម (ជនជាតិថៃ) និងទី៤ឈ្មោះ បិត ផាត អាយុ៣៧ឆ្នាំ (ជនជាតិខ្មែរ)ត្រូវបាន តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគាររងចាំបន្តនីតិវិធី៕
មតិយោបល់