ភ្នំពេញៈ មិនយូរនោះទេ ច្បាប់ដ៏ថ្មីស្រឡាងមួយទៀត នឹងលេចជារូបរាង ឬយកមកអនុវត្តជាផ្លូវការ បន្ទាប់ពីបញ្ចប់ការពិភាក្សា និងអនុម័តរដ្ឋសភាហើយនោះ។
បើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ថា ឆាប់ៗខាងមុខនេះ ច្បាប់ស្ដីពីការការពារសាក្សី និងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ នឹងត្រូវដាក់អនុម័តជាផ្លូវការ បន្ទាប់ពីច្បាប់នេះ បញ្ចប់សេចក្តីព្រាង នឹងការពិភាក្សារយៈពេល២ថ្ងៃ នៅអង្គភាពប្រឆាំងអំពើពុករលួយហើយនោះ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង បានថ្លែងថា ការបង្កើតច្បាប់ទាំងពីរនេះឡើង គឺមានអត្ថប្រយោជន៍សំខាន់មួយចំនួន ពិសេសគឺដើម្បីបង្កើនគុណភាព ក្នុងការពន្លឿនច្បាប់។
ថ្លែងបន្តប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២១ ធ្នូ ២០២៦ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី២ លើសេចក្តីព្រាងបឋមច្បាប់ស្ដីពីការការពារសាក្សី និងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍នៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃ២១-២២ ធ្នូ ២០១៦ លោក ឃាង សេង បានបញ្ជាក់ថា ច្បាប់នេះ មាន៩ជំពូក ៤៨មាត្រា ហើយបច្ចុប្បន្ន ច្បាប់ដ៏ថ្មីស្រឡាងមួយនេះ បាននឹងកំពុងដាក់បញ្ជូល ជជែកវែកជែកមួយឆ្នាំកន្លះហើយ គិតចាប់តាំងពីចុងឆ្នាំ២០១៥ដល់ចុងឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ច្បាប់ទាំងពីរនេះ ជាច្បាប់ពីរដាច់ដោយឡែកពីគ្នា ពោលច្បាប់ស្ដីពីការការពារសាក្សី គឺមានបំណងធានាសុវត្ថិភាពសាក្សី អ្នកជំនាញ ជនរងគ្រោះ និងបុគ្គលជិតស្និត នឹងអ្នកទាំងនោះពីការគំរាមកំហែង ឬការសងសឹក នឹងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការបង្ក្រាបបទល្មើស និងយុត្តិធម៌ សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា និងមានវិសាលភាពគ្របដណ្ដប់ការពារដល់សាក្សី អ្នកជំនាញ ជនរងគ្រោះ និងបុគ្គលជិតស្និត នឹងអ្នកទាំងនោះ លើករណីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ភេវកម្ម ពុករលួយ និងបទឧក្រិដ្ឋផ្សេងៗ ឬក៏បង្កើតឲ្យមាន ១.ស្ថាប័នទទួលបន្ទុកការការពារ ២.នីវិធីនៃការស្នើសុំការការពារ ៣.វិធានការការពារ ៤.ជំនួញនិងសំណង់ និង៥.ទណ្ឌកម្ម ដោយឡែកច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍វិញ គឺមានបំណងចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាពនៅក្នុងស្ថាប័នសាធារណៈ ស្ថាប័នមិនមែនរដ្ឋ មានវិសាលភាពគ្របដណ្ដប់លើទបល្មើសពុករលួយ និងកំហុសខាងវិន័យ ព្រមទាំងបង្កើតឲ្យមាន ១.យន្តការទទួលការរាយការណ៍ពីការប្រព្រឹត្តមិនត្រូវ ២.ការការពារចំពោះអ្នករាយការណ៍ និងការបញ្ឈប់ការការពារ ៣.ការដោះស្រាយការរាយការណ៍ និងពាក្យប្ដឹងពីសកម្មភាពនាំឲ្យខូចខាច (សងសឹក) ៤.សំណង និង៥.ទោសទណ្ឌ។
គួរជម្រាបថា ការរៀបចំច្បាប់ស្ដីពីការការពារសាក្សី និងបុគ្គលរាយការណ៍នេះ ត្រូវបានរៀបចំផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យឡើងវិញ នូវការអនុវត្តន៍ អនុញ្ញាតអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទីមួយនៅកម្ពុជា និងការសម្រេចរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំពេញអង្គ គណរដ្ឋមន្រ្តីកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ឲ្យរៀបចំសេចក្ដីព្រាងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ឆ្លុះបញ្ជាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ប្រសិទ្ធិភាព ភាពយុតិ្តធម៌ នឹងការបង្ក្រាបបទល្មើស ក៏ដូចជាប្រសិទ្ធិភាព និងតម្លាភាពនៃការបំពេញតួនាទី ការងារក្នុងអង្គភាព ឬស្ថាប័ននានា៕













មតិយោបល់