ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ ស្នើឲ្យមានការស៊ើបអង្កេត បន្ទាប់ពីលោក Duterte បានអះអាងថា ខ្លួនបានសម្លាប់ឧក្រិដ្ឋជនមួយចំនួនដោយផ្ទាល់។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
លោក Zeid Ra’ad al-Hussein ស្នងការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យអាជ្ញាធរហ្វីលីពីនបើកការស៊ើបអង្កេតករណីឃាតកម្ម ទៅលើការអះអាងរបស់លោក Duterte កាលពីថ្ងៃសុក្រ ដែលលោកបាននិយាយថា លោកបានបាញ់សម្លាប់បុរស៣នាក់ កាលពីពេលដែលលោកធ្វើជាអភិបាលក្រុង Davao។
លោក Zeid បាននិយាយថា វាមិនអាចយល់បានទេ ចំពោះប្រព័ន្ធតុលាការណា ដែលមិនបើកការស៊ើបអង្កេត និងធ្វើការកាត់ទោស នៅពេលដែលជនណាម្នាក់សារភាពដោយបើកចំហថា ខ្លួនគឺជាឃាតករនោះ។
យោងតាមលោក Zeid ការសារភាពរបស់លោក Duterte គឺជាការបំពានច្បាប់អន្តរជាតិដោយផ្ទាល់ ហើយលោក Duterte ត្រូវតែប្រឈមចំពោះមុខច្បាប់ ដើម្បីផ្ញើជាសារថា អំពើឃាតកម្មនិងការបំពានសិទ្ធិមនុស្សនឹងមិនត្រូវអត់ឱនឲ្យដោយរដ្ឋនោះទេ ហើយគ្មាននរណាម្នាក់នៅពីលើច្បាប់នោះឡើយ។
សូមជំរាបថា លោក Duterte បាននិយាយក្នុងពេលសុន្ទរកថាថ្មីៗនេះថា លោកធ្លាប់ជិះម៉ូតូធំមួយគ្រឿងជុំវិញទីក្រុង Davao ដើម្បីស្វែងរកឧក្រិដ្ឋជនដែលលោកអាចសម្លាប់បាន ដើម្បីឲ្យប៉ូលិសធ្វើដូចលោកដែរ៕
មតិយោបល់