កំពង់ចាមៈ ករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលច្រនៀង ចេញពីផឹកស៊ីនៅហាងខារ៉ាអូខេ បើកបររថយន្តក្នុងស្ថានភាពស្រវឹងទៅបុកមនុស្សស្លាប់រហូតដល់៣នាក់ ហើយថែមទាំងជ្រុះបាត់កាំភ្លើងខ្លី១ដើមទៀតនោះ ត្រូវបានលោកឧត្ដមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់តាំងកម្លាំងជំនាញឲ្យស្នើសុំដីកាតាមចាប់ខ្លួន តែរហូតមកដល់ពេលនេះសមត្ថកិច្ច នៅមិនទាន់ចាប់បានខ្លួនជនបង្ក ដើម្បីផ្ដល់ភាពយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ ខណៈដែលមហាជនកំពុងតែរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច ទាំងមានការសង្ស័យថា មានគេរត់ការបិទបាំងសំណុំរឿងទៀតផង។
គួររំលឹកផងដែរថា លោកអនុសេនីយ៍ទោ មុក អ៊ុកសំអាត ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើករថយន្ដ១គ្រឿងដឹកមិត្តភក្ដិ៣នាក់ទៀត ចេញពីផឹកស៊ីនៅហាងខារ៉ាអូខេ យីហោ រស្មីបូព៌ានៅស្គន់ ដោយស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ក៏បានបុកជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់ត្រូវស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់។ ក្រោយពីកើតហេតុ គេបានឃើញមានរថយន្ត១គ្រឿងម៉ាកកាមរីគូទស្វិត ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2B-9179 ដែលត្រូវបានគេស្គាល់ថា ជារថយន្តរបស់ឈ្មោះ ហួន គុយអាន ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសូយោង បានចូលទៅរំដោះជនបង្ក រួចជិះសម្តៅទៅទិសខាងជើងបាត់ស្រមោលតែម្តង។
ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សាក្សីនៅកន្លែងកើតហេតុបានឃើញរថយន្ដ ម៉ាកCamry ពណ៌ឈាមជ្រូក១គ្រឿង ពាក់ស្លាលេខភ្នំពេញ 2B-2253 បើកពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកកំពង់ចាម 1H-8863 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ស្លាប់ភា្លមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ដង្ហើមចង្រិត។
ដែលជនរងគ្រោះទាំង៣នាក់ មិនមានពាក់មួកសុវត្ថិភាពនោះទេ គឺទី១-ឈ្មោះ ថុល វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ទី២-ឈ្មោះ សែ វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នករួមដំណើរ ស្លាប់នៅកន្លែងកើត និងទី៣-ឈ្មោះ ថៃ ធា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ អ្នកទាំង៣មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
បច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះ ចំណាត់ដ៏មានប្រសិទ្ធភាពរបស់សមត្ថកិច្ច ដែលនឹងតាមចាប់ខ្លួនបុគ្គលជាមន្ត្រីនគរបាលបើកបរក្នុងពេលស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ ដើម្បីយកមកផ្តន្ទាទោសជាគំរូ និងដើម្បីផ្តល់ភាពយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះទាំង៣នាក់ ហើយក៏មានការព្រួយបារម្ភចំពោះអាវុធខ្លី១ដើម ដែលត្រូវបាត់នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងផងដែរ៕









មតិយោបល់