ព័ត៌មានកីឡា

អ្នកចាត់ការ Home Sport ថាក្រុមនៅខ្វះខាតច្រើន ទោះឈ្នះមហាផ្ទៃ ៣-២ ក្តី

ថ្វីបើបានបំបាក់ក្រុមក្រសួងមហាផ្ទៃយក៣ពិន្ទុក្នុងជំនួបបើកឆាកក្តី ប៉ុន្តែអ្នកចាត់ការទូទៅក្រុម Home Sport លោក ហេង​ ពន្លឺ បានបង្ហាញក្តីបារម្ភថាក្រុមនៅមានចំណុចខ្វះខាតច្រើន ដែលត្រូវកែលម្អសម្រាប់ប្រជែងកៅអីវគ្គ១៦ក្រុម។

ថ្លែងប្រាប់ Post Sport កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ អ្នកចាត់ការរូបនេះរៀបរាប់ថា Home Sport នៅស្ទើរត្រង់តំបន់ប្រយុទ្ធ និងប្រព័ន្ធចែកបាល់កណ្តាល។

« ខ្ញុំសប្បាយចិត្តមែនទែន ដែលយើងរកបាន៣ពិន្ទុក្នុងប្រកួតដំបូងនេះ ប៉ុន្តែយ៉ាងណាក្តីយើងនៅមានកំហុសកន្លែងប្រយុទ្ធ ដែលកីឡាករលេងពុំទាន់បានល្អដូចរំពឹងទុក ហើយមួយទៀតគឺតំបន់កណ្តាល ដែលសំខាន់ទៅលើការចែកបាល់។ ដូច្នេះយើងនឹងកែលម្អចំណុចទាំងពីរនេះ ដើម្បីប្រកួតបន្ទាប់។ » សម្តីអ្នកចាត់ការ Home Sport ។

យ៉ាងណាក្តីលោក ហេង ពន្លឺ នូវតែបង្ហាញសុទិដ្ឋិនិយមខ្លះថាក្រុមពិតជាអាចឡើងទៅវគ្គបន្ត ប៉ុន្តែព្រលយថា ក្រុមទាំងអស់នៅក្នុងពូលសុទ្ធតែមានសមត្ថភាព មិនអាចមើលស្រាលបាន។

ថ្ងៃជាមួយគ្នានៅពហុកីឡដ្ឋានជាតិ ក្រុមយុវជនក១២ ក៏បាន៣ពិន្ទុដូចគ្នា ក្រោយបំបាក់ក្រុមយុវជន៧មករា ៨ – ២។

មតិយោបល់