ព័ត៌មានជាតិ

ទុករថយន្តមុខផ្ទះ ត្រូវជនមួយក្រុមគាស់ទ្វាររថយន្ត ម្ចាស់ឃើញទាន់ស្រែកផ្អើល

ភ្នំពេញ: រថយន្តកាមរីឆ្លាម១គ្រឿងបានចតទុកចោលមុខផ្ទះ ត្រូវបានជនមួយក្រុមជិះរថយន្តឡិចស៊ីសមកគាស់ទ្វារ ធ្វើឲ្យម្ចាស់ឃើញទាន់ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចឃាត់រថយន្តឡិចស៊ីស ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2U-2545 ដែលមានអ្នករួមដំណើរនៅក្នុងរថយន្តប្រុសស្រី៣នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រួមទាំងម្ចាស់រថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-1053។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុងចូលក្លឹប Leemoom ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ម៉ៅ សាវឿន មេប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ បានសាកសួរភាគីទាំងសងខាងទើបដឹងពីមូលហេតុពិតដែល ដំបូងឡើយស្មានតែជាករណីលួចនេះ។ បើតាមការបកស្រាយពីភាគីរបស់រថយន្តឡិចស៊ីសខាងលើដោយក្រុមគេបានអះអាងថា រថយន្តកាមរីឆ្លាមខាងលើជារបស់ក្រុមហ៊ុនបង់រំលោះរបស់ពួកគាត់ តែដោយសារតែខាងម្ចាស់រថយន្តកាមរី ឈ្មោះ មៀច សំរួល អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានយករថយន្តរបស់គាត់១គ្រឿងទៀតម៉ាក MONTERO ដែលមានតម្លៃ ២៥ ០០០ដុល្លារយកទៅដូរជាមួយរថយន្តកាមរីឆ្លាម ដែលដាក់លក់ក្នុងតម្លៃ ៥៧ ០០០ពាន់ដុល្លារ ដោយបានធ្វើកិច្ចសន្យារវាងភាគីទាំងសងខាងដោយក្នុងមួយខែត្រូវបង់១០០ដុល្លារទៅឲ្យក្រុមហ៊ុនជារៀងរាល់ខែចាប់តាំងពីខែមីនា ឆ្នាំ២០១៦ម្លេះ។

លោកបន្តថា ដោយរយ:ពេលថ្ងៃកើតហេតុខាងលើ ខាងក្រុមហ៊ុនពុំឃើញម្ចាស់រថយន្តកាមរីឆ្លាមខាងលើមកបង់លុយតាមកិច្ចសន្យា ទើបភាគីខាងក្រុមហ៊ុនបង់រំលោះបញ្ជាឲ្យបុគ្គលិករបស់ខ្លួនឆែកតាមប្រព័ន្ធGPS ឃើញរថយន្តនៅចំណុចខាងលើ ក៏មកដល់មុខផ្ទះរបស់ម្ចាស់ឈ្មោះ មៀច សំរួល ហើយក៏ប្រទះឃើញរថយន្តកាមរីឆ្លាមខាងលើនេះចតទុកចោល ម្ចាស់រវល់ចូលហូបបាយក៏បានគាស់ទ្វាររថយន្ត ធ្វើឲ្យមានការភ្ញាក់ផ្អើលស្មានតែជាករណីចោរលួចរថយន្ត៕

មតិយោបល់