ព័ត៌មានជាតិ

មន្រ្តីប៉េអឹមស័ក្តិ៤ម្នាក់ រងការរិះគន់ថា ផឹកស្រវឹងបាញ់បោះសេរី

ក្រចេះ: ប្រជាពលរដ្ឋប្រមាណជា១០០គ្រួសារ បាននាំគ្នាផ្ដិតមេដៃប្ដឹងលោក ទេព សុធា មន្រ្តីប៉េអឹមស័ក្តិ៤ម្នាក់ ពីបទបាញ់រះ និងប្រើអំណាច បំភិតបំភ័យ បង្កឲ្យមានភាព អសន្តិសុខក្នុងភូមិឃុំ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅ ភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៤និង៣០ មានករណីផឹកស៊ី និងផ្ទុះអាវុធជាច្រើនគ្រាប់ ដែលអះអាងថា អ្នកបាញ់មានឈ្មោះ ទេព សុធា មន្ទ្រីប៉េអឹមស័ក្តិ៤ម្នាក់ ប្រចាំការនៅចំណុចភូមិត្រូន បានបាញ់រះជាច្រើនគ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ មានការភ្ញាក់ផ្អើលរត់ប្រញាយជើងគ្នា។

បើតាមសម្ដី លោក សុខ យឿន មេភូមិត្រូនបានមានប្រសាសន៍ថា កាលពីវេលាម៉ោង២សៀលថ្ងៃទី២២ កញ្ញា មានការជូបជុំគ្នា ផឹកស៊ីមានគ្នា៧នាក់ នៅក្នុងនោះ ប៉េអឹមលោក ទេព សុធា បានបញ្ជាឲ្យលោកមេភូមិ សុខ យឿន ដើរប្រមូលលុយ ពីប្រជាពលរដ្ឋធ្វើរ៉ែបន្តិចបន្ទួចឲ្យបានម្នាក់១០០ដុល្លារ តែលោកមេភូមិមិនព្រម ហើយបាននិយាយថា បើចង់បានដើរសុំខ្លូនឯងទៅ ព្រោះខ្ញុំរកស៊ីតែខ្លូនឯងមិនចង់គ្រប់ផង ហើយមិនដែលសុំលុយពីពលរដ្ឋនោះទេ ព្រោះប្រជាពលរដ្ឋសុទ្ធតែជាជនក្រីក្រ។

ដោយលោកមេភូមិមិនព្រម ដូច្នេះលោក ទេព សុធា បានដើរចេញទៅ រួចទាញកាំភ្លើងអាការមកបាញ់រះជាង៣០គ្រាប់ និងសំឡុតទៅលើបុរសម្នាក់ផ្សេងទៀត។

លោក ហែម សាវឿន អាយុ៤១ឆ្នាំ មកពីខេត្តកំពតមករកស៊ីជីករ៉ែមាសនៅកន្លែងកើតហេតុបាននិយាយថា រូបគាត់កំពុងតែអង្គុយមានគ្នាជាច្រើននាក់បានឮស្នូរកាំភ្លើង និងងាកមកឃើញសភាពបែបនេះ ក៏បាននាំគ្នារត់ចូលព្រៃបាត់តែម្ដង។

ទាកទិននឹងបញ្ហានេះដែរលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ បានប្រាប់តាមទូស័ព្ទថា លោកបានដឹងរឿងនឹងដែរ ហើយក៏បានហៅប៉េអឹមរូបនោះ មកបំភ្លឺហើយ ដោយគាត់បានឆ្លើយថា ការបាញ់មានពិតមែន ប៉ុន្តែបាញ់ចោរចូលលួចរ៉ែមាសទេ៕

photo_2016-09-23_14-10-15

photo_2016-09-23_14-10-20

photo_2016-09-23_14-10-28

photo_2016-09-23_14-10-33

photo_2016-09-23_14-10-36

មតិយោបល់