រតនគិរីៈ រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងឆ្មក់ចាប់បានកាលពីវេលាម៉ោង១និង៣៤នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងដែលចុះបង្ក្រាបនោះបានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានជារថយន្តប្រភេទឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២T-៤៣២៩ ដឹកឈើប្រណីតពេញក្នុងរថយន្ត ចេញពីស្រុកវ៉ើនសៃតាមដងផ្លូវលំមួយខ្សែឆ្លងកាត់ស្រុកអូរជុំ បម្រុងចូលទៅក្នុងខេត្តរតនគិរី ក៏ត្រូវកម្លាំងស្ទាក់ចាប់បានតែម្តង រីឯតៃកុងបានចុះរត់គេចខ្លួនភ្លាមៗផងដែរ។
ចំណែកឈើមានចំនួនប៉ុន្មាននោះ នៅមិនទាន់ដឹងនៅឡើយទេ រង់ចាំជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើរបាយការណ៍សិន។
បច្ចុប្បន្នរថយន្តដឹកបទល្មើស ត្រូវបានកម្លាំងសមត្ថកិច្ចមេព្រៃកណ្តាលរបស់ក្រសួងបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តខាងលើនេះ មិនបានបង់លុយឲ្យគេ ទើបធ្វើការបង្ក្រាបបង្អួតយកស្នាដៃឲ្យថ្នាក់លើ ដោយឡែករថយន្តដែលដឹកឈើល្មើសផ្សេងទៀត គេមិនបង្ក្រាប ដោយសាររថយន្តទាំងនោះបានបង់លុយ៕




មតិយោបល់