ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

កំពត: កម្លាំងអធិការដ្ឋាននគរបាលស្រុកបង្ក្រាបជុំគិរី បានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ កាលពីវេលាម៉ោង​១និង៤៩នាទីរសៀល ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៦​​ នៅចំណុចទំនប់ព្រៃផ្តៅ ឋិតក្នុងភូមិព្រៃយ៉ាវ​ ឃុំស្រែក្នុង​ ស្រុកជុំគីរី ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់​ ទី១.​ឈ្មោះ​ គុន គីណេត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ នៅភូមិព្រៃយ៉ាវ​ ឃុំស្រែក្នុង​ ស្រុកជុំគីរី​ ទី​២.ឈ្មោះ​ សិទ្ធិ សុបិន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ នៅភូមិព្រៃខ្មែរ​ ឃុំស្រែក្នុង ស្រុកជុំគីរី និងទី៣.ឈ្មោះ កែវ តុលា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រៃយ៉ាវ​ ឃុំស្រែក្នុង​ ស្រុកជុំគីរី​។ រីឯវត្ថុតាងដកហូតបានថ្នាំញៀនចំនួន ១កញ្ចប់តូច។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំងបីនាក់បានសារភាព និងប្រាប់កម្លាំងសមត្ថកិច្ចថាពួកគេនៅមានគ្នាម្នាក់ទៀត ទើបសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ​ ហេង​ សារិទ្ធ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ នៅភូមិព្រៃឃ្លៃ​ ឃុំស្រែចែង​ ស្រុកជុំគីរី ខេត្តកំពត។​

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់