បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជាហេតុអកុសលជាងជួសជុលរថយន្តម្នាក់ ឆ្លងចរន្តអគ្គីសនីតភ្ជាប់សាកអាគុយលើរថយន្តបណ្តាលឲ្យឆក់ស្លាប់ខណៈពេលកំពុងជួសជុលរថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ដោយចៃដន្យនេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ ខៀវ គីណាល់ ភេទប្រុស អាយុ៤០ឆ្នាំ និងជាម្ចាស់រថយន្ត រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី នាយប៉ុស្តី៍រដ្ឋបាល សង្កាត់អូរអំបិល បានឲ្យដឹងថា៖ ជនរងគ្រោះជាជាងជួសជុលរថយន្ត ឈ្មោះ ឃុត ចាន់បូរ៉ា (រ៉ា) ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ មានឈ្មោះ ខៀវ គីណាល់ បានហៅជាងជួសជុលរថយន្តទៅធ្វើរថយន្តរបស់ខ្លួននៅនឹងផ្ទះ ពេលនោះអាគុយរថយន្តកំពុងតខ្សែភ្លើងចូលអាំងវិជទ័រដើម្បីសាកអាគុយនៅលើរថយន្តចំនួន០២គ្រឿង ។ ជាងជួសជុលនិងម្ចាស់រថយន្ត បានចូលទៅក្រោមរថយន្តទាំង០២នាក់ ដើម្បីចាប់ដាក់គ្រឿងបន្លាស់រថយន្ត នៅពេលកំពុងចាប់គ្រឿងបន្លាស់ចូលនោះ ស្រាប់តែចរន្តអគ្គីសនីឆ្លងឆក់ជនរងគ្រោះឈ្មោះ ឃុត ចាន់រ៉ា ក្រោយពីឆក់នោះម្ចាស់រថយន្តបានព្យាយាមដឹកទៅជួយសង្រ្គោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជាអកុលសជនរងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា៖ នៅកន្លែងកើតហេតុ ពិនិត្យឃើញមានខ្សែភ្លើងតភ្ជាប់អាំងវិចទ័រទៅសាកអាគុយ ចំនួន០២គ្រឿងជាប់នឹងរថយន្ត។ តាមការត្រួតពិនិត្យលើដងខ្លួនជនរងគ្រោះពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះទេ ការស្លាប់នេះសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនីតសាកអាគុយទៅតួរថយន្ត ៕
មតិយោបល់