ព័ត៌មានជាតិ

តុលាការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន

ប៉ៃលិនៈ នៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ឆម វ៉ាន់ធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកងកម្លាំងចម្រុះដើម្បីចុះអនុវត្តតាមដីកាលើករណីបង្គាប់ឲ្យចូលខ្លួន លេខ ៣២៤ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់លោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន។

លុះរហូតដល់វេលាម៉ោងខាងលើ ទើបកងកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ មាស សំណាង ហៅត្រេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចវិទ្យាល័យហ៊ុនសែនក្រុងទេពនិមិ្មត ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត និងបានបន្តបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់