ព័ត៌មានជាតិ

រថយន្តម៉ាក ISUZU D-MAX ពន្លះម៉ូតូនៅផ្លូវបែកជាបួន អូសម៉ូតូនិងមនុស្សខ្ទាតប្រហែល១០ម៉ែត្រ!

ភ្នំពេញ: បុរសម្នាក់ជាជនជាតិចិន បើករថយន្តមួយគ្រឿងឆ្លងស្តុបទៅបុកម៉ូតូ បណ្តាលឲ្យដួលអូសម៉ូតូជាប់ក្រោមរថយន្ត និងខ្ទាតបុរសម្នាក់ប្រហែល១០ម៉ែត្រ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាជនជាតិចិនបើករថយន្តមួយគ្រឿងម៉ាក ISUZU D-MAX ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-3206 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងមកត្បូង ស្រាប់តែឃើញម៉ូតូម៉ាកវីវ៉ាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ន- 5400 ភព១ បើកតាមបណ្តោយផ្លូវវ២៤០ ទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវបែកជាបួនឆ្លងស្តុបមិនផុត ក៏ត្រូវរថយន្តបុកបណ្តាលឲ្យខ្ទាតបុរសម្នាក់ប្រហែល១០ម៉ែត្រ ហើយម៉ូតូអូសជាប់ក្រោមរថយន្តរងរបួសស្រាលម្នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែង យកម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់