ព័ត៌មានជាតិ

បើករថយន្តឌឺទៅវិញទៅមក ដល់ភ្លើងស្តុបចុះវាយគ្នា ផ្អើលសមត្ថកិច្ច

ភ្នំពេញៈ តៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍ Tiger Concrete បើកប្រដេញនិងជែងគ្នាជាមួយនឹងរថយន្តដឹកទំនិញរបស់កងដឹងជញ្ជូន M-70 ឌឺដងសម្តីដាក់គ្នាក៏ចុះកាន់ដំបងវាយប្រាវ បណ្តាលឲ្យរថយន្តលាយស៊ីម៉ងត៍ បែកកញ្ចក់ចំហៀងផ្អែកខាងឆ្វេងប៉ុន្តែមិនមានអ្នករងរបួសទេ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៨និង៤០នាទី នៅចំណុចភ្លើងស្តុប ផ្លូវ ១០១៩ កែងនឹងផ្លូវសម្តេច ជា ស៊ីម ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តកងដឹងជញ្ជូន M-70 ឈ្មោះ សុខ ណា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅឃ្លាំងរថយន្តលោក ហាក់ ម៉ៅ ផ្លូវ២០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ Tiger Concrete ឈ្មោះ អាន ថារិទ្ធិ អាយុ៣២ឆ្នាំ ស្នាក់នៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញរបស់កងដឹងជញ្ជូន M-70 ពណ៌ត្រីអ៊ី លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ3A-5336 បើកក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ១០១៩ ពេលនោះមានរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន​Tiger Concrete ចំនួន២គ្រឿងដេញតាមពីក្រោយ បើកវ៉ាទៅផុត១គ្រឿង នៅសល់១គ្រឿងទៀត ព្យាយាមបើកវ៉ាដែរ ប៉ុន្តែដោយសារផ្លូវចង្អៀតរថយន្តដឹកទំនិញមិនឲ្យវ៉ា រហូតដល់ផ្លូវទូលាយ ទើបឃើញរថយន្តទាំងពីរគ្រឿងបើកទន្ទឹមគ្នា និងបោះពាក្យសម្តីឌឺដងដាក់គ្នាទៅវិញទៅមក។ រហូតមកដល់ចំណុចភ្លើងស្តុប ឃើញភាគីទាំងសងខាងចុះកាន់ព្រនុង និងទីបដែកដេញវាយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើដល់អ្នកដំណើរនៅទីនោះ។ ក្នុងករណីខាងលើនេះ មិនមានអ្នករងរបួសទេ គ្រាន់តែបែកកញ្ចក់ទ្វារផ្នែកខាងឆ្វេងនៃរថយន្តលាយស៊ីម៉ងត៍ប៉ុណ្ណោះ។

ក្រោយកើតហេតុ អ្នកបើករថយន្តទាំងសងខាងត្រូវសមត្ថកិច្ច ឃាត់ខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាល៕

មតិយោបល់