មានរឿងគួរឱ្យហួសចិត្តមួយសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិ Narita នាទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបានប្រើប្រាស់បន្ទប់ទឹកនៅទីនោះ។ ជារឿងហួសចិត្ត គឺដោយសារពួកគេឃើញមានការដាក់ក្រដាសអនាម័យសម្រាប់កិត (ជូតសម្អាត) ទូរស័ព្ទ ក្បែរក្រដាសអនាម័យក្នុងបង្គន់ធម្មតា ព្រមជាមួយសារក្រើនរំឭកមួយថា៖ «សូមកុំភ្លេចកិតទូរស័ព្ទរបស់អ្នកមុនពេលចាកចេញ»។
ក្រដាសបង្គន់សម្រាប់ជូតសម្អាតទូរស័ព្ទនេះ គឺត្រូវបានដាក់ឱ្យប្រើប្រាស់ដោយក្រុមហ៊ុនទូរស័ព្ទចល័តយក្សរបស់ជប៉ុនឈ្មោះ NTT Docomo ក្នុងគោលបំណងដើម្បីរក្សាអនាម័យតាមទីសាធារណៈ ជូនដល់អ្នកដំណើរដែលចូលចិត្តប្រើទូរស័ព្ទដៃខណៈពួកគេកំពុងបន្ទោបង់។
គួររំឭកថា នៅក្នុងប្រទេសនៃតំបន់អាស៊ីដ៏ស៊ីវីឡៃមួយនេះ ការប្រើប្រាស់ក្រដាសជូនដាច់ដោយឡែកសម្រាប់ទូរស័ព្ទ ក៏មានដែរនៅតាមតំបន់ផ្សេងទៀត ហើយវាកំពុងក្លាយទៅជាទម្លាប់របស់ប្រជាជនជប៉ុនមួយចំនួនទៅហើយ។ ទម្លាប់បែបនេះ គឺធ្វើឡើងបន្ទាប់ពីមានការសិក្សាមួយបង្ហាញថា អេក្រង់ស្មាតហ្វូនអាចប្រលាក់ជាប់បាក់តេរីដែលអាចបង្កជាជំងឺ ច្រើនជាងចានបង្គន់រហូតដល់ ៥ ដង៕
ប្រភពព័ត៌មាន៖ bbc
មតិយោបល់