ព័ត៌មានជាតិ

ត្រពាំងបុរាណទំហំ៧០x១៣០ ម៉ែត្រត្រូវបានអាជ្ញាធរជាតិអប្សរា ស្តារជូនប្រជាពលរដ្ឋឃុំរលួស

សៀមរាបៈ អនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល មន្រ្តីអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យនិងស្តារត្រពាំងបុរាណមួយកន្លែង ប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី០៤ឧសភា កន្លងទៅនេះថា “ស្របពេលប្រជាពលរដ្ឋកំពុងជួបប្រទះការ្វះខាតទឹកប្រើប្រាស់ ដោយសារអាកាសធាតុក្តៅ ធ្វើឱ្យរីងទឹក្នុងស្រះ អណ្តូង និងប្រភពទឹកផ្សេងៗ ក្នុងភូមិហើយអាកាសធាតុក្តៅអាចអូសបន្លាយរយៈវែងនោះ និងស្រប តាមអនុសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ប្រជាជនឆ្នាំ២០១៦-២០៣០ ដែលបានើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដែលមានគ្រោះមហន្តរាយធំ ដែលក្នុងរង្វង់១០០ឆ្នាំមកនេះ គឺមិនទាន់មានគ្រោះមហន្តរាយបែបនេះកើតឡើង ហើយគ្រោះរាំងស្ងួតនៅឆ្នាំ២០១៦នេះ ក៏តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវជីកអណ្តូង និងស្រះទឹកឱ្យបានជ្រៅជាងដង្ហើមទឹកឆ្នាំ។

លោក សុខ លក្ខិណា មានប្រសាសន៍ថា មុននឹងធ្វើការស្តារត្រពាំងបឹងនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេស ឃើញថាមិនមានផលប៉ះពាល់អ្វីដល់រចនាសម្ព័ន្ធត្រពាំងបុរាណនេះឡើយ ហើយចំពោះអាចមន៍ដីដែលស្តារត្រពាំង អាជ្ញាធរជាតិអប្សរាសម្រេចប្រគល់ជូនដាក់តាមកន្លែងសាធារណៈដូចជា មន្ទីរពេទ្យ សាលារៀន សាលាឃុំ ប៉ុស្តិ៍នគរបាល សាលាស្រុកជាដើម លើសពីនេះទៀតនោះ អាជ្ញាធរជាតិអប្សរាក៏បានប្រគល់ជូនប្រជាពលរដ្ឋណាដែលមានសេចក្តីត្រូវការផងដែរ។

លោកបញ្ជាក់ផងដែរថា ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ដែលមិនមែនមានតួនាទីត្រឹមតែថែទាំ ជួសជុល អភិរក្សប្រាសាទប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជននៅក្នុងតំបន់អង្គរទាំងមូលផងដែរ ដូចជាចូលរួមចំណែកក្នុងជួសជុល សាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ដើម្បីបម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ។

លោក សុខ លិក្ខណា ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋរួមគ្នាជួយថែរក្សាត្រពាំងនេះ ព្រមទាំងឱ្យប្រុងប្រយ័ត្ន ចំពោះកូនចៅកុំឱ្យមានគ្រោះថ្នាក់ដោយសារទឹកត្រពាំងនេះផង ព្រោះវាមានជម្រៅជ្រៅអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។

តំណាងពលរដ្ឋនៅក្នុងភូមិគោកស្រុក លោកស្រី រី បានរៀបរាប់ឱ្យដឹងថា “តាំងពីខ្ញុំកើតមករហូតដល់ដឹងក្តី មិនដែលឃើញត្រពាំងបុរាណមួយនេះ រីងស្ងួត ដូចពេលនេះទេ ប្រជាពលរដ្ឋដែលរស់នៅម្តុំនេះអាស្រ័យទឹកក្នុងត្រពាំង ក្នុងការស្រោចស្រប់ដំណាំដាំដុះ ជាលក្ខណៈគ្រួសារ និងប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មនុស្ស សត្វ។

អ្នកស្រីបន្តថា ត្រពាំងនេះមិនដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិខ្វះម្ហូបរហូតខួបប្រាំងខួបវស្សា ព្រោះត្រពាំងបុរាណមួយនេះសម្បូរណាស់ត្រី តទៅនេះប្រហែលជាមិនសូវមានត្រីដូចមុនទៀតទេ ពលរដ្ឋសូមអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់និងសាងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ក្នុងភូមិដោយការស្តារត្រពាំងបុរាណនេះឱ្យមានទឹកសម្រាប់ប្រើប្រាស់ឡើងវិញ៕

photo_2016-05-05_11-22-06

មតិយោបល់