ភ្នំពេញៈ នៅក្នុងជំនួបជាមួយគណៈប្រតិភូមសហគមន៍អឺរ៉ុប កាលពីព្រឹកថ្ងៃទី៥ ឧសភា សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៏ថា បច្ចុប្បន្នកម្ពុជានៅសល់អត្តសញ្ញាណបណ្ណ ៣លានបណ្ណ ទៀតកំពុងដំណើរការធ្វើជូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់សម្រាប់ចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខនេះ។
សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនគណៈប្រតិភូសហគមន៍អឺរ៉ុប លោកយូហ្គោ អាស្ទូតូ (Ugo Astuto) ប្រធានសេវាកម្មផ្នែក ខាងក្រៅសហគមន៍អឺរ៉ុប ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ថា កម្ពុជាបាននឹងកំពុងខិតខំធ្វើយ៉ាងណា ផ្តល់អត្តសញ្ញាណបណ្ណ ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗរូប ដើម្បីឈានឆ្ពោះទៅប្រើប្រាស់សម្រាប់ចុះឈ្មោះបានឆ្នោត នៅពេលខាងមុខនេះ។
ជាក់ស្តែងស្របតាមផែនការ គឺមានគម្រោងបោះចំនួន ១០លានអត្តសញ្ញាណបណ្ណ ប៉ុន្តែរហូតមកដល់ ពេលនេះ គឺនៅសល់៣លានអត្តសញ្ញាណបណ្ណទៀត ដែលនៅសេសសល់ហើយកំពុងបន្តធ្វើ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ទោះបីជាចំនួន៣លានអត្តសញ្ញាណបណ្ណនេះ មិនអាចសម្រេចបានក្នុងពេលដែលដំណើរការបោះឆ្នោតក៏ដោយ យើងបានត្រៀមរួចហើយបង្កើតនូវលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់ឲ្យប្រជាពលរដ្ឋ ដែលមិនទាន់មានអត្តសញ្ញាណបណ្ណ គាត់អាចយកទៅប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតបាន ហើយចំពោះលិខិតនេះទៀតសោត គឺមានគល់បញ្ជីច្បាស់លាស់ក្នុងការត្រួតពិនិត្យអត្តសញ្ញាណរបស់មនុស្សម្នាក់ៗ ដោយមានរូបថតត្រឹមត្រូវ។
ជាមួយគ្នានោះសម្តេចក្រឡាហោម ស ខេង បានលើកនូវបញ្ហាប្រឈមជូនដល់គណប្រតិភូថា ទោះបីជាយ៉ាងណា ក៏យើងនៅមានបញ្ហាប្រឈមផងដែរ ចំពោះពលករដែលធ្វើចំណាកស្រុក ដែលមានចំនួនច្រើនមិនដឹង ថាតើពួកគាត់វិលមកកម្ពុជា ក្នុងការចុះឈ្មោះធ្វើអត្តសញ្ញាណបណ្ណ ដែរឬអត់ ជាពិសេសពលករនៅប្រទេសថៃ និងប្រទេសកូរ៉េ។
នៅក្នុងឱកាសនោះលោកយូហ្គោ អាស្ទូតូ (Ugo Astuto) ប្រធានសេវាកម្មផ្នែកខាងក្រៅសហគមន៍អឺរ៉ុប ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៏ដោយ ថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ចំពោះការរៀបរាប់អំពីដំណើរ នៃការធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋដើម្បីចុះឈ្មោះបោះឆ្នោត។
ប៉ុន្តែលោក យូហ្គោ អាស្ទូតូ បានមានប្រសាសន៍ថា ក្នុងការសម្រេចបាន នៃការចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតនេះមិនត្រឹមតែទាមទារ នូវការងារបច្ចេកទេស ដូចជាការចុះឈ្មោះបោះឆ្នោត ការផ្តល់អត្តសញ្ញាណបណ្ណ តែប៉ុណ្ណោះទេ ក៏ទាមទារឲ្យមាននូវស្ថានភាព នយោបាយល្អប្រសើរដែរ ដើម្បីធានាដល់សតិអារម្មណ៍របស់អ្នកចូលរួមបោះឆ្នោត ធ្វើយ៉ាងណាឲ្យមានសភាពការណ៍ល្អប្រសើរ។
ជាមួយគ្នានេះសម្តេចក្រឡា ហោម ស ខេង បានឯកភាពចំពោះកិច្ចការនេះ សម្តេចបានជម្រាបថារាជរដ្ឋាភិបាល គឺបានត្រៀមជាស្រេចក្នុងការធ្វើយ៉ាងណា សម្រួលស្ថានភាពការនយោបាយ ឲ្យល្អប្រសើរមុនឈានដល់ការបោះឆ្នោត៕
មតិយោបល់