បន្ទាយមានជ័យ : កម្លាំងចម្រុះ មាន ប៉ូលិស សេដ្ឋកិច្ចខេត្ត ប៉ូលិស សេដ្ឋកិច្ចក្រសួង មន្រ្តីកាំកុងត្រូល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បានធ្វើការចុះត្រួតពិនិត្យ នូវការដាក់តាំងលក់ សំបកកង់ ម៉ាក IRC រំលោភកម្មសិទ្ធបញ្ញានៅតាមជាងជួសជុលម៉ូតូ ដែលមានលក់គ្រឿងបន្លាស់ ជារើនកន្លែង ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ឡុង ស្រេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ការចុះត្រួតពិនិត្យ នេះ គឺបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុន គង់ នួន គ្រុបដែលជាក្រុមហ៊ុន នាំចូលផ្តាច់ មុខសំបក និងពោះវៀនម៉ូតូម៉ាក IRC ហើយការចុះនេះដែរ នឹងបន្តត្រួតពិនិត្យទូទាំងខេត្ត។
ជាមួយគ្នានេះដែរ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងដែរថា ការត្រួតពិនិត្យនេះ រកឃើញថា មានការដាក់លក់នូវទំនិញសំបកកង់ និងពោះវៀន ម៉ូតូម៉ាក់ RC ដែលរំលោភកម្មសិទ្ធបញ្ញា តែវាមានចំនួនតិចតួច ប៉ុណ្ណោះ ហើយត្រូវបានដកហូតមករក្សាទុក នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់