ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ កំពុងធ្វើការយោង ខ្សាច់ ឥដ្ឋ ថ្ម ឡើងជាន់ទី២ បានដើរជាន់ខ្សែភ្លើងដាច់រលាត់ឆ្លងចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចការដ្ឋានសំណង់សងផ្ទះ មួយកន្លែងគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អាង សំអាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ជាង ឈឿង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ លក់កាហ្វេ ជនជាតិវៀតណាម មានទីលំនៅភូមិសង្កាត់កើតហេតុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងកាន់ប៉ែលចូកខ្សាច់ដាក់ធុងប៉េត្រូ ដោយចងខ្សែម៉ូទ័រយោងខ្សាច់ឥដ្ឋថ្មឡើងទៅដាក់ជាន់ទី២ ដើម្បីឱ្យជាងធ្វើការ ខណៈ​ពេល​ចងខ្សែរួចរាល់ហើយ ស្រាប់តែជើងខាងឆ្វេងរបស់ជនរងគ្រោះ បានដើរជាន់ខ្សែភ្លើងដែលម្ចាស់ផ្ទះរាយខាងក្រោមលើដីមានដាច់រលាត់ បណ្តាលឆ្លងចរន្តអគ្គិសនីឆក់ដួលលើដីនៅនឹងកន្លែងកើតហេតុ ភ្លាមៗនោះ ត្រូវបានក្រុមកម្មករដែលធ្វើការជាមួយបាននាំគ្នាជួយលើកជនរងគ្រោះយកទៅកប់ដីខ្សាច់នៅក្បែរនោះទៀតផង។

ប្រភពបានបន្តទៀតថា បន្ទាប់មកក្រុមគ្រួសារមិនអស់ចិត្តក៏បានហៅរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈពេលដែលដឹកដល់មន្ទីពេទ្យ ស្រាប់​តែក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យនិ​ងធ្វើកសល្យវិច័យ បន្ទាប់ពីពិនិត្យរួចរាល់ជនរងគ្រោះពិតជាស្លាប់ ដោយសារតែឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន។ សាក​សព ត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះភូមិកើតហេតុខាងលើតាមប្រពៃណី៕

https://youtu.be/IrrnW5h20j4

មតិយោបល់