ព័ត៌មានជាតិ

រថយន្តFUSO បើកទៅបុកម៉ូតូស៊ីធី១០០ ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក FUSO មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលចង្កូតទៅបុកម៉ូតូ ស៊ីធី១០០ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង១៥នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងមុខអនុវិទ្យាល័យ ហ៊ុន សែនខ្ពបវែង ស្ថិតនៅតាមបណ្តោយផ្លូវ លេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា បុរសអ្នកបើកបររថយន្តបង្កមានឈ្មោះ ង៉ុយ រតនា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិភ្នំថ្នក់ ឃុំព្រៃស្នឹក ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ម៉ាន សារី ភេទប្រុស អាយុ៤៧
ឆ្នាំ របួសធ្ងន់ ស្នាក់នៅក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2124 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតមកលិច លុះបានមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្ក បានជ្រុលចង្កូត ទៅបុកជាមួយម៉ូតូម៉ាកស៊ីធី១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1S-7159 បើកបរដោយបុរសម្នាក់ មានកញ្ចក់ និងពាក់មួកសុវត្ថិភាពត្រឹមត្រូវ ក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តរបស់អធិការដ្ឋានក្រុងតាខ្មៅ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ក្រោយពីហេតុការណ៍នេះបានកើតឡើងភ្លាមៗ កម្លាំងនគរបាលជំនាញ បានចុះមកធ្វើការពិនិត្យនិងឃាត់ខ្លួនអ្នកបើករថយន្តបង្ក បានភ្លាមៗ ដោយបាននាំខ្លួនបុរសខាងលើ រួមនិងរថយន្តរួមទាំងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

មតិយោបល់