កំពង់ចាម: កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានឆាបឆេះកុដិព្រះសង្ឃ ស្ថិតនៅវត្តកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចុះជួយអន្តរាគមន៍ពន្លត់អគ្គិភ័យជាបន្ទាន់ បន្ទាប់ពីទទួលបានដំណឹងភ្លាម ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៦គ្រឿង ទឹកអស់ចំនួន ០៩ឡាន។
ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះរលត់ទាំងស្រុងនៅវេលាម៉ោង ០៦ព្រឹកថ្ងៃដដែលនេះខណៈដែលសម្ភារៈទ្រព្យសម្បត្តិក្នុងកុដិត្រូវឆេះអស់មួយចំនួនធំ តែមិនបណ្តាយឲ្យមានអ្នករងគ្រោះរបួសឡើយ។
ករណីនេះលោក គួច ចំរើន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវបង្កើន
ការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាអគ្គិភ័យនេះ បច្ចុប្បន្នដោយអាកាសធាតុមានការប្រែប្រួល កំដៅឡើងខ្លាំង អាចបង្កកើតជាចំហេះ ពិសេសជាងនេះទៅទៀតនោះគឺ បញ្ហាគ្រោះរាំងស្ងួត ការខ្វះខាតទឹកប្រើប្រាស់ និងត្រូវសាមគ្គីភាពចេះជួយគ្នាទៅវិញទៅមក។
បញ្ជាក់៖ សម្រាប់បញ្ហានេះ លោកបានបន្តថា បើមានករណីកើតហេតុដូចខាងលើ សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកជាប្រញាប់ដើម្បីកងកម្លាំងជំនាញចុះអន្តរាគមន៍ឲ្យទាន់ពេលវេលា៕
មតិយោបល់