ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង

ភ្នំពេញ: សមត្ថកិច្ចខណ្ឌជ្រោយចង្វារ បាន​ធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ ព្រមទាំងដកហូតថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខវត្តកៀនឃ្លាំង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ពៅ សូនី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកអំពិល ឃុំខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី២-ឈ្មោះ សើ រស់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់។ ទី៣-ឈ្មោះ ណុល ភារិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មកររោហចក្រ បច្ចុប្បន្នអ្នកទាំង២នាក់ មានទីលំនៅភូមិក្នុង ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ច​បានធ្វើការដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ និងម៉ូតូ២គ្រឿង។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ ដោយសារសមត្ថកិច្ចយើងបានដាក់គោលដៅពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ និងគ្រឿងញៀន ពេលនោះ ស្រាប់តែបានប្រទះឃើញជនសង្ស័យទាំង៣នាក់ ហើយកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដោយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន ៤កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួររួចមក ពួកគេទាំង៣នាក់បានសារភាពថា ពួកគេបានទៅទិញថ្នាំញៀននោះ នៅម្តុំរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពួកគេទិញក្នុង១កញ្ចប់តម្លៃ២០០០០រៀលទៅ ៣០០០០រៀល ដើម្បីយកទៅប្រើប្រាស់នៅឯស្រុកកំណើត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់