កណ្តាលៈ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន នៅស្រុកស្អាង មកសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តាមមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ឡន វ៉ាន់ដា ហៅ ស៊ុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលក្តី ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្តាល។ ទី២ឈ្មោះ វឿន លីថូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល និងជនសង្ស័យទី៣ឈ្មោះ អ៊ឺង អ៊ី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល អ៊ីម៉ា ណូការ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សូមរំឭកដែរថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៤ និង១៦នាទី កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា និងប៉ុស្តិ៍នគរបាលតាលន់ បានធ្វើការចុះល្បាតតាមភូមិសាស្រ្ត ក៏បានប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួនមួយគ្រឿង នៅចំណុចលើផ្លូវលេខ១១០ស្ថិតក្នុងភូមិចុងកោះតូច ពេលនោះកម្លាំងសមត្ថកិច្ចនគរបាល ក៏បានធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន១កញ្ចប់ធំ នៅនឹងខ្លួនរបស់ឈ្មោះ ឡន វ៉ាន់ដា ហៅ ស៊ុយ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡន វ៉ាន់ដា ហៅ ស៊ុយ បានសារភាពថា ខ្លួនបានទិញពីឈ្មោះ អ៊ឺង អ៊ី នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលក្នុង១កញ្ចប់ តម្លៃ១០ម៉ឺនរៀល។ លុះដល់វេលាម៉ោង ៥និង១០នាទី ល្ងាចថ្ងៃខែឆ្នាំដដែល ដោយមានបញ្ជាពីលោក លឹម សុគន្ធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះ អ៊ឺង អ៊ី រួចត្រួតពិនិត្យឃើញគ្រឿងញៀន(ម៉ាទឹកកក )ចំនួន៥កញ្ចប់ធំ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អ៊ឺង អ៊ី បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ អឿន ភេទប្រុស នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ចំនួន៦កញ្ចប់ ក្នុង១កញ្ចប់ តម្លៃ៤០០០០រៀលដើម្បីចែកចាយបន្ត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធីច្បាប់ ៕
https://youtu.be/s4qZ-AuXC2E
មតិយោបល់