ព័ត៌មានជាតិ

ឃាត់មុខសញ្ញាឆក់ និងកាច់ក លួចម៉ូតូចំនួន៥នាក់

ភ្នំពេញ: មុខសញ្ញាឆក់ និងកាច់ក យកម៉ូតូយ៉ាងសកម្ម ចំនួន៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ និងកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា សហការនិងជនរងគ្រោះជាម្ចាស់ម៉ូតូ ចាប់បានទាំងសម្បុក កាលពីម៉ោង៧ និង១៥នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ តឹង បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិថ្មី ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល ជាមេខ្លោង។ ជនសង្ស័យទី២ ឈ្មោះ វ៉ុន រស្មី ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ តឹង បញ្ញ និងជាអ្នកផ្សំគំនិត។ ជនសង្ស័យទី៣ឈ្មោះ រ៉ូ ង៉ុនស្រ៊ឺ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិ៩ សង្កាត់ផ្សារដើមស្កូវ ខណ្ឌចម្ការមន។ ទី៤ឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងជនសង្ស័យទី៥ ឈ្មោះ លាក់ សំរាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជា ធីតា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤២៣ ផ្លូវស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ថាមានក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចកាច់ក យកម៉ូតូមួយគ្រឿងម៉ាក ប៉េស្បា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-5494 បានសម្រេច។

ក្រោយពីលួចបានក្រុមជនសង្ស័យ បានយកមកលាក់ទុកនៅទីតាំងខាងលើ ដោយម៉ូតូខាងលើ ត្រូវបានម្ចាស់បានភ្ជាប់ប្រព័ន្ធ GPS ទើបដឹងពីកន្លែងដែលលាក់ម៉ូតូ រួចក៏បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះច្បាមបានភ្លាមៗទាំងសម្បុកតែម្តង។

តាមសម្តីរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យថា មុនពេលកើតហេតុ ក្រោយពីក្រោកពីដេក ដោយក្នុងផ្ទះចង្អៀត គាត់បានអូសម៉ូតូខាងលើចេញមកទុកមុខផ្ទះហើយក៏ចូលទៅក្នុងបន្ទប់ទឹក ដើម្បីយកក្រណាត់មកជូតផ្ទះ ពេលចេញមកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង។ ពេលនោះជនរងគ្រោះបានបើទូរស័ព្ទដៃ ដែលភ្ជាប់ GPSនឹងម៉ូតូ តាមពីក្រោយរហូតមកដល់ចំណុចខាងលើបានឃើញទីតាំងលាក់ម៉ូតូរបស់ខ្លួន ក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានចុះចាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់