ភ្នំពេញៈ យុវជនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលកំពុងប៉ះកង់រថយន្ត ដែលម្ចាស់រថយន្តបានដឹកយកមកឲ្យប៉ះ រួចក៏សប់ខ្យល់បែរជាផ្ទុះចំជនរងគ្រោះតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ១១ និង៣០ នាទី ព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជនីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង បានដឹកយកកង់រថយន្តដែលធ្លាយ យកមកឲ្យយុវជនរងគ្រោះឈ្មោះ ម៉ៅ វរៈ អាយុ១៧ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត ស្នាក់នៅចំណុចកើតហេតុខាងលើប៉ះ ហើយក៏បានបើករថយន្តចេញទៅ។ ចំណែកយុវជនរងគ្រោះ បានប៉ះកង់រួចរាល់ ហើយក៏បានទាញស្នប់មកសប់ ស្រាប់តែផ្ទុះលាន់ដូចគ្រាប់បែក បណ្តាលឲ្យមានការណ៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នា រត់មកមើលស្រាប់តែឃើញយុវជនរងគ្រោះ ដេកដួលសន្លប់ហូរឈាមតាមច្រមុះ និងមាត់ទៅហើយ ទើបដឹងថាយុវជនខាងលើរងគ្រោះដោយសារសប់កង់រថយន្តលើសចំណុះ។ ភ្លាមៗនោះជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ។
គួរបញ្ជាក់ផងដែរថា កន្លងមកនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏ធ្លាប់មានបុរសម្នាក់ បានរងរបួសរហូតស្លាប់បាត់បង់ជិវិត ដោយសារតែសប់កង់រថយន្តបែបនេះដែរ។ ដូច្នេះសូមបងប្អូនដែលប្រកបមុខរបរជាងប៉ះកង់រថយន្ត សូមមានការប្រុងប្រយត្ន័ឲ្យបានគ្រប់ៗគ្នា៕





https://youtu.be/lnoXUCnSR8M
មតិយោបល់