ព័ត៌មានជាតិ

ជិះហ្វ្រី២ថ្ងៃបុណ្យសកល សម្រាប់រថយន្តក្រុងខ្សែ ភ្នំពេញ-កោះកុង

ភ្នំពេញៈ ថ្ងៃទី១ និងថ្ងៃ២ មករា ដែលជាថ្ងៃដើមឆ្នាំ២០១៧ខាងមុខ ក្រុមហ៊ុនរថយន្តក្រុង ថោង ស៊ីន បានប្រកាសមិនយកលុយនោះទេ សម្រាប់អ្នកមានដំណើរទៅមកពីភ្នំពេញ ទៅខេត្តកោះកុង និងពីកោះកុងមកភ្នំពេញ។ ជាមួយនឹងការប្រកាសនេះ គេឃើញអ្នកដំណើរជាច្រើនបានកក់កៅអីទុក ដើម្បីកុំឲ្យការចេញដំណើររបស់ពួកគេមានបញ្ហារឿងអត់រថយន្តជិះ ព្រោះតែក្រុមហ៊ុនបើកឲ្យធ្វើដំណើរមិនគិតថ្លៃ ហើយជាការផ្ដល់កាដូចំថ្ងៃដែលមានអ្នកចង់ធ្វើដំណើរតាមរយៈខ្សែរថយន្តនោះច្រើន។

អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន ថោង ស៊ីង លោក ប៉ោ វុទ្ធី បានបញ្ជាក់ប្រាប់មុននេះបន្តិចថា ក្រុមហ៊ុនពិតជាសម្រេចដឹកអ្នកដំណើរទៅមកខេត្តកោះកុង ដោយមិនយកលុយសម្រាប់អបអរថ្ងៃឆ្លងឆ្នាំថ្ងៃទី១ និងទី២ ខែមករា ប្រាកដមែន។ លោកថា ការប្រកាសផ្ដល់ការដឹកជញ្ជូនដោយមិនគិតថ្លៃទាំង២ថ្ងៃនេះ គឺដើម្បីឲ្យមានការចាប់អារម្មណ៍លើខ្សែរថយន្តថ្មីរបស់ ថោង ស៊ីង ដែលទើបបើកឲ្យដំណើរការពីភ្នំពេញ-កោះកុង នោះផង និងចង់អោយមានការចាប់អារម្មណ៍ទៅកម្សាន្តនៅខេត្តកោះកុង នៅថ្ងៃដើមឆ្នាំ២០១៧នោះផង។

ជាមួយនឹងការប្រកាសនេះ លោក ប៉ោ វុទ្ធី ក៏ថា ក្រោយការផ្ដល់ការដឹកជញ្ជូនដោយមិនគិតថ្លៃ ក្រុមហ៊ុន ថោង ស៊ីង ក៏សម្រេចកំណត់យកត្រឹមតែ៥០ភាគរយ សម្រាប់ខ្សែរថយន្តភ្នំពេញ-កោះកុងនេះ ដោយគ្មានកំណត់ពេលផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលមានរយៈចម្ងាយឆ្ងាយ។ លោកនិយាយថា «សម្រាប់ថ្ងៃទី១ និងទី២ មករា ក្រុមហ៊ុនយើងសម្រេចផ្ដល់កាដូឲ្យជិះមិនយកលុយសម្រាប់ខ្សែរថយន្តភ្នំពេញ-កោះកុង ហើយបន្ទាប់ពីនឹង យើងកំណត់យកតែមួយជើង១៤០០០រៀលទេ គឺទាបជាងគេ៥០ភាគរយ ដោយគ្មានកំណត់!»

លោកបញ្ជាក់ថា ក្រុមហ៊ុន ថោង ស៊ីង មានគោលការខុសគេ គឺត្រូវកំណត់តម្លៃគ្រប់ខ្សែឲ្យទាបជាងគេ ហើយសម្រាប់ឱកាសបុណ្យទាន គឺក្រៅពីមិនដំឡើងថ្លៃហើយ ក៏មានផែនការបញ្ចុះតម្លៃ និងហ្វ្រីបន្ថែមទៀត ដូចជាការផ្ដល់ជូនសម្រាប់ខ្សែភ្នំពេញ-កោះកុង សម្រាប់បុណ្យឆ្លងឆ្នាំនេះ។ លោកថា មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការប្រកាសនេះ ដោយសារតែផ្លូវភ្នំពេញ-កោះកុង ក៏មានអ្នកធ្វើដំណើរច្រើន ជាពិសេសគឺថ្ងៃឆ្លងឆ្នាំ។ ក្រុមហ៊ុនបានសម្រេចរៀបចំរថយន្ត៤គ្រឿង លើផ្លូវភ្នំពេញ-កោះកុង ដោយចេញពីកោះកុង២គ្រឿង នៅម៉ោង៧ព្រឹក និងម៉ោង១២ថ្ងៃ និងចេញពីភ្នំពេញ២គ្រឿង ចេញនៅម៉ោងពេលដូចគ្នា សម្រាប់ដឹកជញ្ជូនទាំងសម្រាប់ថ្ងៃហ្វ្រី និងថ្ងៃបន្តបន្ទាប់លើផ្លូវមួយខ្សែនេះ។

លោក វុទ្ធី បញ្ជាក់បន្ថែមថា អ្នកដំណើរចង់បានសំបុត្រហ្វ្រីគ្រាន់តែតេកក់សំបុត្រ ឬមកយកសំបុត្រដោយផ្ទាល់ ប្រសិនបើមិនចង់ប្រឈមរឿងមកដោយមិនជូនដំណឹងមុន ហើយអត់កៅអីជិះ។ មកទល់ថ្ងៃនេះ លោកថា មានអ្នកកក់សំបុត្រសម្រាប់ថ្ងៃ១ និងថ្ងៃ២មករា នោះច្រើន ជាពិសេសអ្នកមានបំណងទៅកម្សាន្តនៅកោះកុង សម្រាប់ឱកាសឆ្លងឆ្នាំសកល៕

មតិយោបល់