ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកង់សិស្សសាលាបានសម្រេច ហើយជិះគេចខ្លួនឆ្លងផុតមួយភូមិ ក៏ត្រូវម្ចាស់កងតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរ។ ករណីនេះ បង្កភ្ញាក់ផ្អើកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅផ្លូវលំភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ា សុជីវ័ន្ត អាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិអរីយក្សត្រ ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកម្ចាស់កង់ឈ្មោះ ម៉ៅ បូរាំង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីម្ចាស់កង់បានប្រាប់ថា នៅមុនកើតហេតុកូនស្រីគាត់ចេញពីសាលារៀន ហើយបានទុកកង់ពណ៌ស្វាយនៅមុខបន្ទប់ផ្ទះជួល ហើយក៏ចូលក្នុងផ្ទះ លុះមួយសន្ទុះក្រោយមក បានឮសំឡេងវាយជន្ទល់កង់ពេលនោះ កូនស្រីគាត់ចេញមើល ឃើញជនសង្ស័យលួច និងជិះចេញទៅឆ្ងាយហើយ ពេលនោះកូនស្រីគាត់បានទៅប្រាប់គាត់ គាត់ក៏ម៉ូតូដេញតាមពីក្រោយ មកទាន់នៅចំណុចផ្លូវលំភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ហើយក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់ខាងលើមែន មូលហេតុដោយសារតែខ្លួនគ្មានលុយចាយទើបធ្វើសកម្មភាពលួចកង់បែបនេះ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕



មតិយោបល់