ភ្នំពេញ: អំពើគម្រាមគំហែង គប់វាយបំផ្លាញទ្រព្យសម្បត្តិ ហាងស៊ុបផ្កាម្លិះ
ពីបុគ្គលិកហាងស៊ុបឡុកឡុក ចំនួនជិត១០នាក់ ដោយប្រើប្រាស់ដុំថ្ម ដែកដាវចំនួន២លើក ស្ថិតនៅផ្លូវ២៣៣ កែង ផ្លូវ១១៨ សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១២យប់ទៅដល់ម៉ោង២ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
យោងតាមសំដីអ្នកស្រី ជា ហៀក ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ផ្ទះ46E0 ម្ចាស់ហាងស៊ុបផ្កាម្លិះបានប្រាប់ថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ការលក់ដូររបស់គាត់លក់ដាច់ជាងសព្វដង។
នៅម៉ោង១១:៤០នាទី ថ្ងៃដដែល ក្រោយពីស្បើយភ្ញៀវបុគ្គលិកប្រហែល៨នាក់ កំពុងញុាំស៊ុបនៅជាន់ទី១ ស្រាប់តែបុគ្គលិកហាងស៊ុបឡុកឡុកម្នាក់ ហៅភ្ញៀវចូលញុាំស៊ុប បាននិយាយបបួលបុគ្គលិកគាត់វ៉ៃគ្នាលេង ហើយបុគ្គលិកគាត់ម្នាក់ ក៏ឆ្លើយតបទៅវិញថាវ៉ៃគ្នាអី បើហត់ខ្លាំងណាស់ (ពីព្រោះលក់ដាច់ពេក) ស្រាប់តែខាងបុគ្គលិកហាងស៊ុបឡុកឡុកចំនួន៣នាក់ គប់ដែកដាវដុំថ្ម មកក្នុងផ្ទះសំដៅទៅជាន់ទី១ តែម្តងហើយគាត់បានខលប្រាប់នរគបាលប៉ុស្ត៏ដេប៉ូ៣ ចុះមកត្រួតពិនិត្យទើបមានសភាពស្ងប់ស្ងាត់។
អ្នកស្រីម្ចាស់ហាងស៊ុបផ្កាម្លិះបន្តទៀតថា នៅម៉ោង២ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ស្រាប់តែមានក្រុមក្មេងៗចំនួន ១០នាក់ គប់ដុំឥដ្ឋមកលើផ្ទះគាត់ទៀត ដូចជាមានគំនុំតាំងពីពេលណាមក ធ្វើឲ្យគាត់ និងបុគ្គលិកដេកមិនលក់ រងការភិតភ័យ អំពីសុវត្ថិភាពក្រុមគ្រួសារ និងសមាជិកក្នុងហាងផងដែរ។
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀលនេះ គាត់ម្ចាស់ហាងស៊ុបផ្កាម្លិះ មកដាក់ពាក្យប្តឹងនៅប៉ុស្ត៏នរគបាលដេប៉ូ៣ ដើម្បីជួយអន្តរាគមន៍ចាប់ជនបង្ក យកមកដាក់ទោសទៅតាមនីតិវិធីច្បាប់។
បើមិនមានដំណោះស្រាយ ហើយនៅតែបន្តសកម្មភាពរំលោភបំពានដូច្នេះទៀត គាត់នឹងទៅប្តឹងដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីការពារអាយុជីវិតក្រុមគ្រួសារសមាជិករបស់គាត់។
អាជ្ញាធរ និងនរគបាលបានប្រាប់ថា រឿងនេះកើតឡើងដដែលជាយូរមកហើយ តែដូចជាភាគីខាងហាងស៊ុបឡុកឡុក មានឥទ្ធិពលអាចបន្តធ្វើសកម្មភាពមកដល់សព្វថ្ងៃនេះ៕
មតិយោបល់