ព័ត៌មានជាតិ

រថយន្តដឹកដីបើកបុកម៉ូតូ Smash បណ្ដាលឲ្យយុវជនម្នាក់បែកក្បាលស្លាប់មួយរំពេច

ភ្នំពេញៈ យុវជនម្នាក់បាន​​ស្លាប់ភ្លាមៗ ដោយសាររថយន្តដឹកដី​មួយគ្រឿង​បុក​បែកក្បាលយ៉ាងអាណោចអាធ័ម ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង​កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅបណ្ដោយផ្លូវ៣៧១ ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញ​យុវជន​រងគ្រោះ​ខាងលើ ជិះម៉ូតូ​មួយគ្រឿង​ម៉ាក Smash v ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ 1J-3245 ធ្វើដំណើរទិសដៅ​ពីលិចទៅកើត ហើយ​ក៏បានគេច​ពីរថយន្ត​ដឹកដែក ដែលបម្រុង​បត់ចូលក្នុងក្រុមហ៊ុន​ ដែល​នៅក្បែរ​កន្លែង​កើតហេតុ​ក៏បាន​ដួល​ ខណៈនោះ​ក៏មាន​រថយន្ត​ដឹកដីមួយគ្រឿង​ទៀតម៉ាក​ HINO ពាក់ស្លាកលេខ តាកែវ 3A-0446 ដែល​បើកបរ​ស្របទិសដៅគ្នា បានបុក​យុវជន​ជិះម៉ូតូនោះពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់​មក​​អ្នកបើកបរ​រថយន្តខាងលើ បានព្យាយាម​បើករត់គេច តែត្រូវបានប្រជាការពារ​ភូមិ​ឃាត់ខ្លួនបានទាំងអ្នកបើកបរ​ និងរថយន្តនៅក្បែរកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ​រថយន្តខាងលើមានឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ​ភូមិ​ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បើកបរ​រថយន្ត រីឯយុវជនរងគ្រោះ​ខាងលើពុំទាន់ស្គាល់អត្ត​សញ្ញាណ​នោះទេ សមត្ថកិច្ចកំពុង​ស្រាវជ្រាវ​រកក្រុមគ្រួសារ​សាច់ញាតិយកទៅធ្វើបុណ្យ។

ចំណែករថយន្ត​ និងម៉ូតូ​រួមទាំងអ្នកបើកបរ​​ ត្រូវបានបញ្ជូន​ទៅកាន់ការិយាល័យ​ចរាចរណ៍ក្រុង ដើម្បី​ដោះស្រាយគ្នានៅពេលក្រោយ៕

https://youtu.be/87t0ZjH_jEE

មតិយោបល់